Cct850x100 1
1800px x h300px kh

ទូតរុស្ស៊ីគាំទ្រយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជា និងត្រៀមពលរដ្ឋឲ្យមកលេងក្នុងពេលឆាប់ៗនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅស្ថាតទូតរុស្ស៊ី នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងជំនួបនេះសំដៅរៀបចំឲ្យមានការមកទស្សនារបស់ទេសចររុស្ស៊ីនៅកម្ពុជាឡើងវិញ ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង។

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង បើកតំបន់ទេសចរណ៍មួយចំនួនអនុញ្ញាតឲ្យភ្ញៀវមកលេងកម្សាន្ត ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាព ដូចជា ក្រុងព្រះសីហនុ កោះរុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ហើយតំបន់សៀមរាបអង្គរ ក្នុងអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។

លោក អាណាតូលី បូរ៉ូវិក ក៏បានបង្ហាញអំពីការពេញចិត្តនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរកន្លងមក ក៏ដូចជាផែនការ និងយុទ្ធសាស្ត្រដាក់ចុះដោយរាជរដ្ឋាភិបាលនាពេលថ្មីៗ ជាការស្ដារវិស័យទេសចរណ៍ មានដូចជា៖ ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា អំឡុង និងក្រោយវិបត្តិកូវីដ១៩ ឆ្នាំ២០២០-២០២៥, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី, យុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង, វិធាននយោបាយលើការជំរុញទេសចរផ្ទៃក្នុង, ការរៀបចំវិធានសុវត្ថិភាពទេសចរណ៍នានា (SOP) នានាជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ផ្អែកតាមទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងសមិទ្ធិផលកន្លងមក កម្ពុជានឹងមានលទ្ធភាពទាក់ទាញទេសចររុស្ស៊ីបន្ថែមទៀត ដែលមុនវិបត្តិកូវីដ១៩ កំណើនពលរដ្ឋរុស្ស៊ីមកទស្សនានៅកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ រហូតជាងកន្លះលាននាក់ ហើយចំនួននេះនឹងអាចកើនឡើងខ្ពស់ថែមទៀត ដោយរុស្ស៊ីជាប្រភពទីផ្សារដ៏ធំ មានប្រជាជនជាង ១៤៦លាននាក់។

លោកឯកអគ្គរដ្ឋទូត ក៏បានអរគុណដល់ក្រសួងទេសចរណ៍កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ាន ២០២២ ខាងមុខ និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានសម្របសម្រួលជំរុញឲ្យមានកិច្ចប្រជុំទេសចរណ៍អាស៊ាន-រុស្ស៊ី រហូតដល់ថ្នាក់រដ្ឋមន្ត្រី ដែលកិច្ចប្រជុំលើកទី ១ នឹងធ្វើឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ានខាងមុខ៕

ប្រភពរូប៖ ក្រសួងទេសចរណ៍


Khcct banner

អត្ថបទទាក់ទង