Yearendyearend1140x150

បណ្ឌិត គី សេរីវឌ្ឍន៍៖ការបើកប្រទេសនាពេលនេះជាឱកាសល្អ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាននៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាននៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា កម្ពុជាប្រកាសបើកប្រទេសឡើងវិញនាពេលនេះ គឺជាឱកាសល្អសម្រាប់ស្តារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសជាឱកាសដែលកម្ពុជាអាចទទួលបានលំហូរប្រាក់ពីក្រៅប្រទេសតាមរយៈទេសចរបរទេស ដែលបានចូលរួមក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាបានកាន់តែខ្លាំង។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បន្ទាប់ពីរងផលប៉ះពាល់ដោយសារកូវីដ-១៩ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ ហើយវាជាឱកាសល្អ និងបង្ហាញឱ្យឃើញពីភាពវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ដោយអាជីវកម្មនានាត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្តនៅទូទាំងប្រទេសបាន។

លោកបណ្ឌិតបន្តថា ដោយសារតែស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាមានសភាពធូរស្រាលជាងមុន ហើយប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងរួចក៏មានច្រើនរហូត៨៦ភាគរយនៃចំនួនប្រជាជនសរុប ១៦លាននាក់ ដូចនេះការបើកប្រទេសឡើងវិញនាពេលនេះជាឱកាសធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបន្តិចម្តងៗ ជាពិសេសអាចទទួលបានលំហូរប្រាក់ពីក្រៅប្រទេសតាមរយៈទេសចរណ៍វ៉ាក់សាំងផងដែរ។

លោកបណ្ឌិតបញ្ជាក់ថា ទោះបីជាកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញមែន តែសេដ្ឋកិច្ចកម្ពុជាមិនអាចមានភាពរីកចម្រើនខ្លាំងភ្លាមៗដូចមុនពេលមិនទាន់មានវត្តមានកូវីដ-១៩នោះទេ។ ក្នុងន័យនេះ សេដ្ឋកិច្ចកម្ពុជាអាចមានសភាពរីកចម្រើនបន្តិចម្តងៗ ជារួមគឺត្រូវការចំណាយពេលវេលាក្នុងការកសាងសេដ្ឋកិច្ចឡើងវិញ។

នៅក្នុងដំណាក់កាលដំបូងនៃការប្រកាសបើកប្រទេសកម្ពុជាឡើងវិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា វិស័យដែលមានសន្ទុះងើបឡើងវិញមុនគេ ក៏ដូចជាជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកម្រើន គឺវិស័យទេសចរណ៍ និងសេវាកម្មភោជនីយដ្ឋាន។

ដោយសារតែកន្លងមក ប្រជាពលរដ្ឋបានអត់ទ្រាំជាមួយភាពស្មុគស្មាញ ភាពស្រ្តេសយូរមកហើយ ដោយសារតែបញ្ហាកូវីដ ដូចនេះបន្ទាប់ពីទទួលដំណឹងថាប្រទេសបើកវិញនោះ ប្រជាពលរដ្ឋនឹងចាប់ផ្ដើមចេញដើរកម្សាសន្តនៅទូទាំងប្រទេសឡើងវិញ ហើយនេះជាចលនាទេសចរណ៍ក្នុងស្រុកដែលបានរួមជំណែកយ៉ាងសំខាន់ដើម្បីផ្តល់ប្រយោជន៍ឱ្យសេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។

ទន្ទឹមនឹងនេះ លោកបណ្ឌិតបន្ថែមថា បើទោះជារដ្ឋាភិបាលប្រកាសឱ្យបើកប្រទេសឡើងវិញក៏ពិតមែន ក៏ប៉ុន្តែវិធានការ និងការការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តអនុវត្តន៍ ដើម្បីធានាបាននូវសុខសុវត្ថិភាព ក៏ដូចជាធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិមានទំនុកចិត្តក្នុងការចូលកមកម្សាន្ត វិនិយោគជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិតបន្ថែមថា ដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាព រាជរដ្ឋាភិបាលកម្ពុជាគួរតែយលចិត្តទុកដាក់ខ្ពស់ចំពោះផលិតកម្មនៅក្នុងស្រុក ជាពិសេសគឺវិស័យSME និងវិស័យកសិកម្ម។ ជាបទពិសោធន៍កន្លងមក នៅពេលដែលប្រទេសបានបិទខ្ទប់ធ្វើទំនិញមានការឡើងថ្លៃ ព្រោះទំនិញពីក្រៅប្រទេសមិនអាចនាំចូលបាន រីឯផលិតកម្មក្នុងស្រុកក៏នៅមានកម្រិត។

ក្នុងករណីនេះ ដើម្បីឆ្លើយតបជាមួយបទពិសោធន៍កន្លងមកនៃវិបត្តិ កម្ពុជាគួរតែជម្រុញការលើកកម្ពស់ការផលិតទប់ទល់និងការនាំចូលដើម្បីឱ្យកម្ពុជាមានសកម្មភាពផលិតខ្លួន និងអាចមានឱកាសក្នុងប្រកួតប្រជែងនាំចេញទៅក្រៅ បង្កើតការងារក្នុងស្រុក និងបង្កើនប្រាក់ចំណូលឱ្យក្រុមប្រជាពលរដ្ឋដែលមានចំណូលទាប និងចំណូលមធ្យមផង។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង