Yearendyearend1140x150

អ្នកច្បាប់៖ការប្រើយុទ្ធសាស្រ្តបោកឱ្យមហាជនបរិច្ចាគលុយប្រឈមមានទោស

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកមេធាវី ហំ ភា ប្រធានការិយាល័យមេធាវី គ្លរី និងជាសមាជិកនៃគណៈមេធាវីនៃព្រះវាជាណាចក្រកម្ពុជា។
រូបភាព៖ ផ្ដល់ដោយលោកមេធាវី ហំ ភា

ភ្នំពេញ៖ការប្រើយុទ្ធសាស្រ្តឱ្យមហាជនបរិច្ចាគលុយទ្រង់ទ្រាយធំ ដោយមានការរៀបចំព្រឹត្តិការណ៍ សេណារីយូ ការសម្ដែង ដោយមានការរៀបផែនការទុកមុននឹងមានទោស ប្រសិនបើជាការរៀបចំទាំងនោះប្រឌិតក្លែងព័ត៌មាន ក្លែងឋានៈក្នុងឧបាយកលទុច្ចរិត ប៉ះពាល់ដល់ប្រយោជន៍បុគ្គល ឬតតីយជននូវទ្រពសម្បត្តិអ្វីមួយ។ បទនេះមានស្ថានទម្ងន់ទោសពី៣ ទៅ៥ឆ្នាំ បើយោងតាមមាត្រា៣៧៧ នៃក្រមព្រហ្មទណ្ឌ។

ជាគោលការណ៍ក្នុងនិតិព្រហ្មទណ្ឌ ដើម្បីចាត់ទុកថាអំពើណាមួយជាបទល្មើសព្រហ្មទណ្ឌ លុះត្រាតែអំពើនោះមានចែងក្នុងច្បាប់ព្រហ្មទ័ណ្ឌជាធរមាន។ ឧទាហរណ៍ បទធ្វើឱ្យខូចខាតដោយចេតនា អំពើហឹង្សាដោយចេតនាជាដើម។

លោកមេធាវីហំ ភា ប្រធានការរិយាល័យមេធាវី គ្លរី(Glory Legal)  និងជាគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា  ដើម្បីចោទប្រកាន់ជនណាម្នាក់អំពីបទឆបោក លុះត្រាតែជននោះបានប្រើឈ្មោះក្លែងអះអាងទៅលើឋានៈក្លែង ឬជននោះបានប្រើឧបាយកលទុច្ចរិត ដែលធ្វើឱ្យខូចប្រយោជន៍របស់ជនរងគ្រោះ។ ផ្ទុយទៅវិញ ប្រសិនជាគ្រាន់តែជាការរៃអង្គាសប្រាក់ ដើម្បីបុព្វហេតុមនុស្សធម៌ ជួយបុគ្គលណាម្នាក់ ដែលជួបទុក្ខលំបាកពិតប្រាកដ វាមិនចូលជាបទឆបោកនោះទេ។

ទន្ទឹមនឹងនេះ ប្រសិនបើករណីខាងលើ ពិតជាមានក្លែងឈ្មោះ ឋានៈ និងបទឆបោកពិតមែន អ្នកផ្សំគំនិតមានទោសដូចគ្នានឹងអ្នកប្រព្រឹត្តដែរ យោងតាមមាត្រា២៩នៃក្រមព្រហ្មទណ្ឌ។

ទាក់ទងនឹងបញ្ហាខាងលើ លោកថា គ្មានច្បាប់ចែងគ្មានបទល្មើសទេ នៅក្នុងច្បាប់ព្រហ្មទណ្ឌនោះទេ។ ក្នុងករណីនេះ ដើម្បីចោទប្រកាន់ជនណាម្នាក់ពីបទថា«បានប្រើយុទ្ធសាស្រ្តឱ្យមហាជនបរិច្ចាគលុយ ដោយរៀបគម្រោងផែនការទុកជាមុន» ជាបទល្មើស លុះត្រាតែបទនេះ មានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌជាធរមាន។ 

លោកអះអាងថា ចំពោះបទឆបោកវិញ មានចែងក្នុងក្រមព្រហ្មទណ្ឌមាត្រា៣៧៧ ប៉ុន្តែច្បាប់នេះបានឱ្យនិយមន័យច្បាស់លាស់ណាស់ គឺត្រូវតែជាអំពើបន្លំរបស់បុគ្គល នីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិតហើយនាំឱ្យខូចប្រយោជន៍បុគ្គលនេះ ឬរបស់តតីយជននូវទ្រពសម្បត្តិអ្វីមួយ ការផ្គត់ផ្គង់សេវា ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច។

លោកមេធាវីបន្តថា ទាក់ទងនឹងស្ថានទម្ងន់ទោសវិញ ប្រសិនបើមានបទល្មើសឆបោក ឬបទរំលោភលើសេចក្ដីទុកចិត្តកើតឡើង ការផ្តន្ទាទោសគឺធ្ងន់ជាងបទល្មើសនៃអំពើឆបោកធម្មតា ជនដែលប្រព្រឹត្តនឹងជាប់ទោសពី២ ទៅ៥ឆ្នាំ រីឯបទល្មើសឆបោកធម្មតាជាប់ទោសតែរយៈពេល៣ខែ ទៅ៣ឆ្នាំតែប៉ុណ្ណោះ។

គួររំលឹកដែរថា នៅក្នុងក្រមនីតិវិធីក្រមព្រហ្មទណ្ឌ ឬក្រមនីតិវិធីរដ្ឋប្បវេណី មិនមានចែងអំពីនីតិវិធីប្ដឹងខ្លួនឯងទៅតុលាការទេ។ ផ្អែកតាមក្រមព្រហ្មទណ្ឌ អ្នកដែលមានសិទ្ធប្ដឹងទៅតុលាការ គឺជាជនរងគ្រោះអយ្យការធ្វើការចោទប្រកាន់ ចៅក្រមស៊ើបសួរ និងជម្រះក្ដី។ រីឯក្នុងក្រមនីតិវិធីរដ្ឋប្បវេណីវិញ មានដើមចោទ និងចុងចម្លើយ។ តុលាការលោកទទួលបានពាក្យបណ្ដឹងពីដើមចោទ។ ម្យ៉ាងទៀត នៅក្នុងពាក្យបណ្ដឹង ដើមចោទត្រូវប្ដឹងទៅតុលាការនៃលំនៅស្ថានរបស់ចុងចម្លើយ។

យ៉ាងណាមិញ ការណ៍ដែលទៅប្ដឹងខ្លួនឯង គ្មាននីតិវិធីនេះទេ ប៉ុន្តែប្រសិនបើមានការប្ដឹងខ្លួនឯងមែនអំពើនេះ គ្មានបទល្មើសអ្វីទេ គ្រាន់តែតុលាការលោកមិនទទួលពាក្យបណ្ដឹងតែប៉ុណ្ណឹង។ ដូច្នេះ ភាគីវិវាទត្រូវស្វែងរកការពិគ្រោះច្បាប់ពីមេធាវីជាមុនទើបមិនខាតពេលវេលា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង