Yearendyearend1140x150

រថយន្តក្រុងយោធាមួយនៅស៊ីរីត្រូវបានបំផ្ទុះគ្រាប់បែកធ្វើឲ្យមនុស្ស១៤នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការបំផ្ទុះគ្រាប់បែកលើរថយន្តក្រុងយោធាមួយ បានកើតឡើងនៅរដ្ឋធានីដាម៉ាសប្រទេសស៊ីរី ប្រភពរូប៖​ ស៊ីនហួរ

ស៊ីរី៖ ការបំផ្ទុះគ្រាប់បែកលើរថយន្តក្រុងយោធាមួយ បានកើតឡើងនៅរដ្ឋធានីដាម៉ាសប្រទេសស៊ីរីនៅថ្ងៃទី ២០ បណ្តាលឱ្យមនុស្ស ១៤ នាក់ស្លាប់។

ការផ្ទុះនេះបានកើតឡើងនៅម៉ោង ៧ ព្រឹក ដោយទីភ្នាក់ងារព័ត៌មានស៊ីរីអារ៉ាប់ បានស្រង់ប្រភពយោធាដែលរាយការណ៍ថា ឧបករណ៍ផ្ទុះចំនួនពីរត្រូវបានដាក់ដោយសម្ងាត់នៅលើរថយន្តក្រុងដឹកយោធា។

នៅជិតកន្លែងដែលឧបទ្ទវហេតុនេះបានកើតឡើងគឺជាកន្លែងផ្លាស់ប្តូរឡានក្រុងដ៏សំខាន់មួយនៅទីក្រុងដាម៉ាស ដែលមានបុគ្គលិកការិយាល័យនិងនិស្សិតជាច្រើននាក់។ ហើយអ្នកស្លាប់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។

ក្រុមអ្នកជួយសង្គ្រោះបានយកឡានក្រុងយោធា ហើយធ្វើការបោសសំអាតកន្លែងកើតហេតុ ធ្វើឲ្យចរាចរជុំវិញបានវិលទៅរកភាពប្រក្រតីវិញ។ ខណៈមិនទាន់មានអង្គការ ឬ បុគ្គលណាមួយអះអាងថាបានបើកការវាយប្រហារបំផ្ទុះគ្រាប់បែកនេះទេ។ តែរដ្ឋាភិបាលស៊ីរី បានកំណត់អត្តសញ្ញាណនេះថាជាការវាយប្រហារភេរវកម្ម។

នេះគឺជាការវាយប្រហារដោយការទម្លាក់គ្រាប់បែកដ៏ធ្ងន់ធ្ងរបំផុត នៅទីក្រុងដាម៉ាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅខែមីនាឆ្នាំ ២០១៧ យ៉ាងហោចណាស់មានការបំផ្ទុះគ្រាប់បែកចំនួន ៣ លើកនៅក្រុងដាម៉ាស ដែលបានសម្លាប់មនុស្សរាប់សិបនាក់។ ហើយអង្គការជ្រុលនិយម “រដ្ឋអ៊ីស្លាម” បានអះអាងថា ការវាយប្រហាររបស់ខ្លួន។

បន្ទាប់ពីយោធាស៊ីរី បានប្រកាសនៅឆ្នាំ ២០១៨ ថាខ្លួននឹងលុបបំបាត់ទាំងស្រុងនូវកងកម្លាំងឧទ្ទាមនៅទីក្រុងដាម៉ាស និងតំបន់ជាយក្រុងរបស់ខ្លួន ការទម្លាក់គ្រាប់បែក គឺកម្រមានហើយជាទូទៅស្ថានភាពមានស្ថិរភាព។ ជម្លោះយោធារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមឧទ្ទាមត្រូវបានប្រមូលផ្តុំជាចម្បងនៅក្នុងខេត្តអ៊ីដលីបដែលមានព្រំប្រទល់ជាប់ប្រទេសតួកគីនៅភាគពាយព្យ ដែលជាទឹកដីសំខាន់នៅតែគ្រប់គ្រងដោយក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី។

ទីភ្នាក់ងារសារព័ត៌មានបារាំង-ប្រេសបានរាយការណ៍ថា ប្រហែលមួយម៉ោងបន្ទាប់ពីការផ្ទុះរថយន្តក្រុងយោធាកងកម្លាំងរដ្ឋាភិបាលស៊ីរីបានបាញ់ផ្លោងទៅលើបន្ទាយរបស់ក្រុមឧទ្ទាមនៅក្នុងខេត្តអ៊ីដលីបដោយបានសម្លាប់មនុស្ស ១៣ នាក់។

សង្គ្រាមស៊ីវិលនៅស៊ីរីបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ហើយបច្ចុប្បន្នកងកម្លាំងរដ្ឋាភិបាលស៊ីរី បានដណ្តើមយកបានមកវិញភាគច្រើននៃប្រទេសនេះ។ យោងតាមស្ថិតិពីមុនពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិមនុស្សជាង ៦ លាននាក់ត្រូវបានផ្លាស់ទីលំនៅ ដោយសារសង្គ្រាមរយៈពេល ១០ ឆ្នាំក្នុងនោះមានកុមារប្រហែល ២,៥ លាននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង