Yearendyearend1140x150

ក្រសួងប្រៃសណីយ៌ដាក់ដំណើរការប្រព័ន្ធ«QR Code»បណ្ណចាក់វ៉ាក់សាំងកូវីដឌីជីថលនៅថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (រូបភាព៖ CEN) 

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ១៨ តុលានេះ ដាក់ឱ្យដំណើរការនូវប្រព័ន្ធ «QR Code» បណ្ណចាក់វ៉ាក់សាំងឌីជីថល «StopCovid QR Vaccine» សម្រាប់ឱ្យម្ចាស់អាជីវកម្មអាចស្នើសុំបង្កើតប្រព័ន្ធនេះបាន។ប្រព័ន្ធនេះ អាចចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ប្រព័ន្ធ QR Code “StopCovid QR Vaccine” មានមុខងារសំខាន់ចំនួនបីគឺ (១) សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (២) គ្រប់គ្រងការធ្វើចត្តាឡីស័ក និង (៣) បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ៗ។

បើតាមក្រសួងប្រៃសណីយ៍ ប្រព័ន្ធនេះ នឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់យកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ ឬខូចខាតបណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ ព្រមទាំងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំទិន្នន័យលើបណ្ណចាក់វ៉ាក់សាំង។

ជាងនេះទៅទៀតនោះ ប្រព័ន្ធនេះអាចបង្ហាញពីព័ត៌មាននៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា។

គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី០៧ មីនា ឆ្នាំ២០២១ ក៏បានប្រកាសដាក់ឱ្យដំណើរជាផ្លូវការនូវប្រព័ន្ធស្កេន «QR Code ទប់ស្កាត់ជំងឺកូវីដ១៩ StopCovid» សម្រាប់អាជីវកម្មនានាដើម្បីទប់ស្កាត់ការរីករាលនូវការចម្លងមេរោគក្នុងសហគមន៍ផងដែរ។ចំពោះការដាក់ឱ្យដំណើរការនៅពេលនេះ គឺជាការត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីការពារសុវត្ថិភាពទីកន្លែង បង្ការការចម្លង និង សម្រាលបន្ទុកលើការព្យាបាលរបស់រាជរដ្ឋាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង