Cct850x100 1
1800px x h300px kh

ឯកឧត្តម វេង សាខុន៖កម្ពុជានឹងឈានទៅនាំចេញ«ផលិតផលកសិកម្ម»ទៅទីផ្សារពិភពលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា កម្ពុជានឹងឈានទៅនាំចេញ«ផលិតផលកសិកម្ម»ទៅទីផ្សារពិភពលោក។ ការប្រែក្លាយវិស័យកសិកម្មកម្ពុជាទៅជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលឆ្លើយតបនឹងតម្រូវការសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ការដាក់ចេញនូវគោលដៅគោលនយោបាយក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម នឹងធ្វើឱ្យវិស័យនេះក្លាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយថាមវន្តសម្រាប់ការរីកលូតលាស់សេដ្ឋកិច្ចនៅតំបន់ជនបទ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ក្រសួងបានខិតខំតម្រង់ទិសដៅឆ្ពោះទៅនឹង៖ (ទី១) ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខ្សែច្រវាក់តម្លៃកសិកម្ម (ទី២) ការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម (ទី៣) កំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង (ទី៤) កំណែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍន៍ប្រទេសគឺ៖ ប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយកសាងជាជំហានៗនូវកម្ពុជាមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមធម៌ មានប្រជាជនដែលមានចំណេះដឹងខ្ពស់ ហើយមានកម្រិតជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការអនុវត្តកសិកម្មទំនើបនឹងជួយឱ្យការងារនៅក្នុងប្រព័ន្ធកសិកម្មចម្រុះមានផលិតភាពខ្ពស់និងនិរន្តរភាព ហើយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះនឹងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍឌីជីថលូបនីយកម្ម និងការផលិតមាននិន្នាការឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងប្រព័ន្ធចំណីអាហារបែបទំនើប។

តាមរយៈនៃការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍកសិកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួលស្គាល់ថាផលិតផលកសិកម្មមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ ហើយក៏បានបំពេញសេចក្តីការក្នុងស្រុក និងបានឈានទៅធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ប្រកបដោយគុណភាព និងសុវត្ថិភាពជាបណ្តើរ ដោយបានប្រកាន់យកនូវការអនុវត្ត តាមអភិក្រម « រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្ម» ។

ជាក់ស្តែង នៅឆ្នាំ២០២០ កម្ពុជាទទួលបានផលិតផលកសិកម្មសរុបចំនួន ១៣ ពាន់លាន ដុល្លារអាមេរិក និងបានធ្វើការនាំចេញបានចំនួន ៤ ពាន់លាន ដុល្លារអាមេរិក ។ សម្រាប់ឆ្នាំ២០២១ នេះ ក្រសួងមានក្តីសង្ឃឹមថាផលិតផលកសិកម្មសរុបនឹងទំហំធំជាងឆ្នាំ២០២០ ដែលយើងទទួលបាន ។ ដោយឡែក ការនាំចេញកសិផលសម្រាប់៩ខែឆ្នាំ២០២១ មានចំនួនជាង ៦ លាន តោន ដែលតម្លៃស្មើនឹង ៣,៨ ពាន់លានដុល្លាររអាមេរិក៕

Khcct banner

អត្ថបទទាក់ទង