Yearendyearend1140x150

អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតបានជួបពិភាក្សាចំនួន៤លើកស្ដីពីបញ្ហាក្នុងតំបន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក សេដ ខាត់ទីហ្សេដ ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក សេដ ខាត់ទីហ្សេដ (Said Khatibzad ) បានបញ្ជាក់នៅថ្ងៃទី ១១ ថា តំណាងប្រទេសអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត បានជួបចរចាគ្នាចំនួន ៤ លើក នៅរដ្ឋធានីបាកដាដប្រទេសអ៊ីរ៉ាក់ ស្តីពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាតំបន់។

ក្រុមអ្នកវិភាគបានចង្អុលបង្ហាញថា ទំនាក់ទំនងរវាងអ៊ីរ៉ាក់និងអារ៉ាប៊ីសាអូឌីត មានភាពតានតឹងអស់រយៈពេលជាយូរមកហើយ បើទោះជាមានសញ្ញានៃការប្រសើរឡើងក៏ដោយក៏ត្រូវការកិច្ចខិតខំបន្ថែមទៀតដើម្បីបំបាត់ភាពតានតឹងនេះ។

លោក Khatibzad បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយនៅទីក្រុងតេអេរ៉ង់ថា កិច្ចពិភាក្សារវាងប្រទេសអ៊ីរ៉ង់និងប្រទេសអារ៉ាប៊ីសាអូឌីត មានលក្ខណៈអំណោយផលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ លោកបានជំរុញឱ្យអារ៉ាប៊ីសាអូឌីត បញ្ឈប់ប្រតិបត្តិការយោធានៅក្នុងប្រទេសយេម៉ែន និងដកការបិទផ្លូវនៅយេម៉ែន។

អារ៉ាប៊ីសាអូឌីត បានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ នៅឆ្នាំ ២០១៦ ប៉ុន្តែដើម្បីកែលម្អទំនាក់ទំនងចាប់តាំងពីដើមខែមេសាឆ្នាំនេះ ប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចសន្ទនាកម្រិតទាបឡើងវិញ។ រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីនសាល់ម៉ាន បាននិយាយនៅចុងខែមេសាថា អារ៉ាប៊ីសាអូឌីតសង្ឃឹមថានឹងបង្កើតទំនាក់ទំនងល្អនិងពិសេសជាមួយអ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohamed Javad Zarif បាននិយាយកាលពីខែឧសភាថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើត“ទំនាក់ទំនងជិតស្និទ្ធ” ជាមួយអារ៉ាប៊ីសាអូឌីត។ បន្ទាប់ពីប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម ឡេអា បានឡើងកាន់តំណែងនៅខែសីហា ភាគីទាំងពីរបានបន្តកិច្ចសន្ទនារបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Falhan Al Saud បានបញ្ជាក់នៅថ្ងៃទី ៣ នៃខែតុលាថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានរៀបចំកិច្ចចរចាជុំទី៤ នៅថ្ងៃទី ២១ ខែកញ្ញា។ ដោយការសន្ទនានេះនៅតែស្ថិតក្នុងដំណាក់កាល“ស្វែងរក” ដោយសង្ឃឹមថានឹងអាចដោះស្រាយភាពផ្ទុយគ្នាខ្លះរវាងប្រទេសទាំងពីរ។

គួររំលឹកថា នៅខែមករាឆ្នាំ ២០១៦ អារ៉ាប៊ីសាអូឌីតបានប្រហារជីវិតអ្នកទោសជាច្រើននាក់ ដោយសង្ស័យថាបានចូលរួមក្នុងសកម្មភាពភេរវកម្មរួមទាំងឥស្សរជនសាសនាស៊ីអ៊ីតដ៏ល្បីម្នាក់ ដែលបង្កការតវ៉ានៅអ៊ីរ៉ង់។ ជនជាតិអ៊ីរ៉ង់ខ្លះបានវាយប្រហារស្ថានទូតនិងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅអ៊ីរ៉ង់ហើយប្រទេសទាំងពីរបានផ្តាច់ទំនាក់ទំនងការទូតជាបន្តបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង