Yearendyearend1140x150

ថ្ងៃឈប់សម្រាក៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ កម្ពុជាមានអ្នកដើរកម្សាន្តជាង៦៦ម៉ឺននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ភ្ញៀវទៅកម្សាន្តតាមរមនីយដ្ឋាននានា ក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។
ប្រភព៖ ក្រសួងទេសចរណ៍ 

ភ្នំពេញ៖ នាថ្ងៃឈប់សម្រាក៣ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ កម្ពុជាមានអ្នកដើរកម្សាន្តនៅតាមរមនីយដ្ឋាននៅតាមបណ្ដាខេត្តនានា សរុបជាង៦៦ម៉ឺននាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។

តាមរយៈមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤,៦៩៧ នាក់ ដែលគោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះមាន ខេត្តកំពត ១០២,៥៩៣ នាក់ ខេត្តកែប ៩៦,៤៧១ នាក់ ខេត្តព្រះសីហនុ ៨០,៥១៩ នាក់ ខេត្តពោធិ៍សាត់ ៥០,១០៩ នាក់ ខេត្តកំពង់ស្ពឺ ៣៩,៦៤២ នាក់ ខេត្តបាត់ដំបង ៣៧,៧២៤ នាក់ ខេត្តកំពង់ចាម ៣៦,១៤០ នាក់ និង ខេត្តសៀមរាប ៣៣,២២២ នាក់។

មន្ទីរទេសចរណ៍បានឱ្យដឹងទៀតថា នាថ្ងៃឈប់សម្រាកទី៣នេះ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ។

ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ បន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១ និងទី២។ ប៉ុន្តែថ្ងៃទី៣នេះ ការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបានវិលត្រលប់ចូលភ្នំពេញវិញ។

សូមជម្រាបថា ភ្ញៀវសរុបសម្រាប់ថ្ងៃទី៣នេះ មានចំនួន ២៤៤,២៥៦ នាក់ (ថយចុះប្រមាណ ១០.០១% ធៀបនឹងថ្ងៃទី២ ប៉ុន្តែបើធៀបនឹងថ្ងៃទី១ គឺកើនឡើងប្រមាណ ៦៣.៩២%) ក្នុងនោះភ្ញៀវជាតិ ២៤២,៨៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៣៧៥ នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង