Cct850x100 1
1800px x h300px kh

យានយន្តល្មើសច្បាប់២២៩គ្រឿងត្រូវបានដោះលែង ក្រោយការអន្តរាគមន៍ពីសម្តេចហ៊ុន សែន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យានយន្តល្មើសច្បាប់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ភ្នំពេញ៖ យានយន្ត២២៩គ្រឿង​ដែលបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មេីសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវបានអនុញ្ញាតឱ្យដោះលែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ការដោះលែងនេះ ធ្វើឡើងក្រោយពីមានការអន្តរាគមន៍ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១ តុលានេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការដោះលែងយានយន្តដឹកជញ្ជូន លើសទម្ងន់កំណត់ចំនួន២២៩គ្រឿង មុនកាលកំណត់។សន្និសីទសារព័ត៌មានេះ ធ្វើឡើងក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ការដោះលែងយានយន្ត២២៩គ្រឿង​បទល្មេីសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គឺជាលើកទី១ហើយដែលក្រសួងដោះលែង ហើយការដោះលែងនេះ ធ្វើឡើងក្នុងគោលបំណងអនុញ្ញឱ្យយានយន្តអាចទៅបម្រើការក្នុងអាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីជាផលប្រយោជន៍ប្រទេសជាតិ។

បើតាមឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការដោះលែងនេះគ្មានលើកទី២នោះទេ ដូច្នេះឯកឧត្តមស្នើសុំឱ្យម្ចាស់យានយន្តទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីថែរក្សាផ្លូវឱ្យបានល្អ។សម្រាប់ឯកឧត្តម ទោះបីមានការដោះលែង ប៉ុន្តែការអនុវត្តច្បាប់នៅតែរឹតបន្តឹងយ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់​ ដោយមិនមានការលើកលែងជាលើកទី២ទេ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ២២៩គ្រឿង មុនកាលកំណត់។ យានយន្តទាំងនោះ ត្រូវបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។

តែយ៉ាងណាក៏ដោយ យានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការដោះលែង។

សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយត្រូវគោរព និងអនុវត្តតាមច្បាប់ ស្តីពីផ្លូវថ្នល់ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់៕


Khcct banner

អត្ថបទទាក់ទង