Yearendyearend1140x150
Img 0571

ក្រសួងរ៉ែកម្ពុជាឱ្យម្ចាស់នាវាMT Strovolosត្រូវសងប្រេងឆៅមកកម្ពុជាវិញនិងឈប់ទារប្រាក់ពីកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ក្រុមនាវិកនៃនាវាMT Strovolos 

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល តម្រូវឱ្យម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos រៀបចំបង្វិលសងប្រេងឆៅមកឱ្យម្ចាស់ស្របច្បាប់វិញគឺព្រះរាជាណាចក្រកម្ពុជា និងគួរតែបោះបង់ចោលនូវការព្យាយាមណាមួយទាមទារប្រាក់ពីកម្ពុជាចំពោះបញ្ហាដែលជាវិវាទរបស់ពួកគេជាមួយក្រុមហ៊ុន គ្រីសអេនើជី។ ការទាមទារសំណងនេះធ្វើឡើងបន្ទាប់ពីនាវានេះបានដឹកប្រេងឆៅចេញពីកម្ពុជាដោយគ្មានការជូនដំណឹង ឬការនុញ្ញាតណាមួយពីអាជ្ញាធរកម្ពុជាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបានឱ្យដឹងថា ប្រេងឆៅទាំងអស់គឺជាទ្រព្យសម្បត្តិរបស់ប្រទេសកម្ពុជាគ្រប់ពេលវេលាទាំងអស់។ ការលួច ឬការរំលោភបំពានកម្មសិទ្ធិលើប្រេងឆៅដោយម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos និងបក្សពួករបស់គេ គឺជាបទល្មើសក្រោមច្បាប់កម្ពុជា។

ក្រសួងបន្តថា ម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos ត្រូវបានជូនដំណឹងអំពីកម្មសិទ្ធិលើប្រេងឆៅ និងការបំពានច្បាប់កម្ពុជាតាំងពីប៉ុន្មានខែមុនមកម្ល៉េះ ។ ពួកគេមិនត្រឹមតែមិនបានធ្វើសកម្មភាពណាមួយក្នុងការបង្វិលសងប្រេងឆៅមកព្រះរាជាណាចក្រកម្ពុជាវិញទេ ប៉ុន្តែពួកគេថែមទាំងធ្វើដំណើរទៅកាន់កំពង់ផែជាច្រើននៅក្នុងប្រទេសថៃ និង ប្រទេសឥណ្ឌូនេស៊ីជាដើម ដោយពួកគេបានបន្តបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវាក្នុងរយៈពេលយូរ ពេលដែលពួកគេធ្វើដំណើរ។

ក្រសួងបន្ថែមថា ពេលដែលនាវា MT Strovolos ចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ នាវានេះកំពុងត្រូវបានជួលដោយក្រុមហ៊ុន គ្រីសអេនើជី ដែលជាក្រុមហ៊ុនទទួលបានកិច្ចសន្យាក្នុងការអភិវឌ្ឍជម្រកប្រេងកាតកម្ពុជា។ វិវាទរវាងម្ចាស់នាវានិងអ្នកគ្រប់គ្រងនាវា និងក្រុមហ៊ុន គ្រីសអេនើជី ពាក់ព័ន្ធនឹងការជួលនាវាប្រហែលជាបានកើតឡើង ប៉ុន្តែបញ្ហានេះមិនពាក់ព័ន្ធដល់ព្រះរាជាណាចក្រកម្ពុជាឡើយ ។

គួរបញ្ជាក់ថា យោធាជើងទឹកឥណ្ឌូណេស៊ី បានឃាត់នាវាដឹកប្រេងឈ្មោះ MT Strovolos ដែលលួចដឹកប្រេងឆៅពីអណ្តូងប្រេងរបស់កម្ពុជាប្រមាណ ៣០ម៉ឺនបារ៉ែល នៅតំបន់ដែនសមុទ្រកោះស៊ូម៉ាត្រា កាលពីថ្ងៃទី២៧ ខែកក្កដា ប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជាបានស្នើឲ្យប៉ូលិសអន្តរជាតិឃាត់នាវាដឹកប្រេងមួយនេះ។ នៅក្នុងនាវាដែលមានប្រវែងជិត២០០ម៉ែត្រនេះ គឺមាននាវិកជាជនជាតិឥណ្ឌា១៣នាក់ ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់ដែលបានចូលចតដោយខុសច្បាប់នៅមូលដ្ឋានរបស់ខ្លួនជិតប្រទេសសិង្ហបុរី៕

នាវា​ដឹក​ប្រេង​ឈ្មោះ MT Strovolos


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង