Yearendyearend1140x150
Img 0571

កម្ពុជាគ្រោងប្រែក្លាយ«ខេត្តកែប»ទៅជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិកម្រិតខ្ពស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កែប៖ ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសពីគម្រោងរៀបចំ និង អភិវឌ្ឍខេត្តកែប ទៅជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់។ការប្រកាសនេះ ធ្វើឡើង ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅថ្ងៃទី ២៩ កញ្ញានេះ។

ក្នុងកិច្ចប្រជុំនេះ ក្រសួងទេសចរណ៍កម្ពុជា បានពិភាក្សា និងសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបឆ្នាំ២០២១-២០៣៥ មានគោលបំណង ប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ។

ជាមួយគ្នានោះ ក្រសួងក៏បានប្រែក្លាយខេត្តកែប ជាជម្រើសដ៏ប្រសើរសម្រាប់ប្រភេទទេសចរណ៍សុខភាព ប្រភេទទេសចរណ៍ផ្ទះទីពីរ និង ប្រភេទទេសចរណ៍វ័យចំណាស់។

បើតាមក្រសួងទេសចរណ៍ គោលនយោបាយនេះ នឹងធានាដល់ចីរភាពនៃការអភិវឌ្ឍទេសចរណ៍ និង ការគ្រប់គ្រងធនធានធម្មជាតិ ធានាដល់ការបែងចែកផលសេដ្ឋកិច្ច និង លើកស្ទួយកម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចសំភាសន៍ជាមួយស៊ីស៊ីថាមស៍ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងទាក់ទងនឹងគម្រោងរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប មានគោលបំណងជាយុទ្ធសាស្រ្ដដូចជា ១. ប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ប្រកបដោយសុវត្ថិភាព ស្ងប់ស្ងាត់ បរិស្ថានល្អ ទឹកស្អាត ភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ។ ២. ប្រែក្លាយខេត្តកែប ជាជម្រើសដ៏ប្រសើរសម្រាប់ប្រភេទទេសចរណ៍សុខភាព មានសុវត្ថិភាព បរិស្ថានល្អ មានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។

ចំណែកយុទ្ធសាស្រ្ដទី៣. ពន្យារការស្នាក់នៅរបស់ទេសចរគ្រប់រដូវកាល គឺចំណុចនេះមានន័យថាចង់ឲ្យភ្ញៀវទេសចរមកកម្សាន្តបានយូរ ដូច្នេះខេត្តកែបត្រូវរៀបចំឲ្យមានកន្លែងស្នាក់នៅច្រើនកន្លែងសម្រាកកម្សាន្តឲ្យបានច្រើន។ ៤. ធានាដល់ចីរភាពនៃការអភិវឌ្ឍទេសចរណ៍ និងការគ្រប់គ្រងធនធានធម្មជាតិ។ ៥. ធានាដល់ការបែងចែកផលសេដ្ឋកិច្ច និងលើកស្ទួយកម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង