Yearendyearend1140x150
Img 0571

ឧកញ៉ា ហ៊ុន ឡាក់៖ការនាំចេញស្វាយទៅទីផ្សារចិននឹងកើនឡើងចាប់ពីពាក់កណ្តាលខែតុលានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា ហ៊ុន ឡាក់ ជាអ្នកវិនិយោគកសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព

ភ្នំពេញ៖រយៈពេល៩ខែក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន បានចំនួនជាង២០០តោន។ការនាំចេញនេះធ្វើឡើងនៅក្នុងឧសភា និង ពាក់កណ្តាលខែកញ្ញានេះ។លោកឧកញ៉ា ហ៊ុន ឡាក់ ជាអ្នកវិនិយោគកសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព បានអះអាងថា នាំចេញស្វាយទៅទីផ្សារចិននឹងកើនឡើងចាប់ពីពាក់កណ្តាលខែតុលានេះ។

ស្វាយស្រស់ខុសរដូវដែលមានគុណភាពខ្ពស់ ហើយត្រូវតាមស្តង់ដាររបស់ទីផ្សារចិន នឹងទទួលបានទិន្នផលខ្ពស់ក៏ដូចជាមានការនាំចេញទៅចិនបានច្រើនចាប់ពីពាក់កណ្តាលខែតុលានេះ រហូតដល់ខែធ្នូនៃចុងឆ្នាំនេះ។នេះបើយោងតាមការលើកឡើងរបស់ លោកឧកញ៉ា ហ៊ុន ឡាក់។

លោកឧកញ៉ា ហ៊ុន ឡាក់ បានថ្លែងមកកាន់ស៊ីស៊ីថាមស៍ថា ក្រៅពីស្វាយស្រស់ ក៏នឹងមានការនាំចេញផ្លែស្វាយកែច្នៃផងដែរ ដោយនឹងចាប់ផ្តើមពីពាក់កណ្តាលខែតុលារហូតដល់ខែឧសភា ឆ្នាំ២០២២។ លោកឧកញ៉ាបន្តថា កម្ពុជាធ្លាប់បាននាំចេញផ្លែស្វាយទៅទីផ្សារប្រទេសចិនរហូតដល់ទៅជាង២០០តោន ចាប់ពីខែឧសភារហូតដល់ខែកញ្ញានេះ ដែលភាគច្រើនជាផ្លែស្វាយកែច្នៃ។ ផ្លែស្វាយកែច្នៃ ជាប្រភេទផ្លែស្វាយដែលតូច មានស្នាម ប្រឡាក់ និងផ្សេងៗទៀតដែលមិនត្រូវតាមស្តង់ដារ ដូចនេះខាងរោងចក្រកែច្នៃត្រូវប្រមូលទិញផ្លែស្វាយទាំងនេះពីម្ចាស់ចម្ការរបស់សហគមន៍កសិករដាំដំណាំស្វាយ ដើម្បីយកមកធ្វើការកែច្នៃជាដំណាប់ស្វាយ ឬជាទឹកផ្លែស្វាយជាដើម។

មួយវិញទៀត លោកឧកញ៉ាបន្ថែមថា ស្វាយដែលមានស្តង់ដារខ្ពស់ជាប្រភេទផ្លែស្វាយដែលមានការរុំ ឬវេចខ្ចប់ត្រឹមត្រូវតាំងតែនៅជាក្តឹបស្វាយតូចៗ ដើម្បីធ្វើយ៉ាងណាឱ្យសម្បុរស្វាយមានពណ៌ស្រស់ស្អាតល្អ រលោង និងមិនមានប្រឡាក់ស្នាមអ្វីឡើយ ហើយក្រោយរយៈពេល៥៨ថ្ងៃត្រូវប្រមូលយកមកលាងសម្អាតក្នុងប្រព័ន្ធទឹកក្តៅទើបអាចនាំចេញបាន។

លោកឧកញ៉ាសន្និដ្ឋានថា ចំពោះឆ្នាំ២០២១នេះ ការចាប់ផ្តើមទ្រង់ទ្រាយធំនៃការនាំចេញទាំងស្វាយស្រស់ ទាំងស្វាយកែច្នៃជាដំណាប់ និងជាទឹកផ្លែស្វាយនឹងមានចាប់ពីពាក់កណ្តាលខែតុលានេះរហូតដល់ខែឧសភាឆ្នាំ២០២២។

ចំពោះតម្លៃ ចាប់ពីពាក់កណ្ដាលខែកញ្ញានេះមក តម្លៃផ្លែស្វាយស្រស់ដែលមានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារ មានតម្លៃជាង២ពាន់រៀលទៅ៣ពាន់រៀលក្នុងមួយគីឡូក្រាម។ ដោយឡែកស្វាយខៀវដែលមានសម្បុរស្អាតមានតម្លៃចាប់ពី១២០០-១៥០០រៀលក្នុងមួយគីឡូ។ ចំណែកស្វាយដែលខុសស្តង់ដារហើយសម្រាប់កែច្នៃ បច្ចុប្បន្ននេះគឺមិនទាន់មានច្រើនទេ ហើយអាចមានច្រើនចាប់ពីពាក់កណ្តាលខែតុលានេះទៅ។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ា ហ៊ុន ឡាក់។

គួរបញ្ជាក់ថា រយៈពេល៩ខែក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញផ្លែស្វាយស្រស់និងស្វាយកែច្នៃទៅកាន់ទីផ្សារប្រទេសចិន បានចំនួនជាង២០០តោន ដោយក្នុងនោះកម្ពុជានាំចេញផ្លែស្វាយស្រស់ដោយត្រង់ជាលើកដំបូងទៅកាន់ប្រទេសចិនបានចំនួន២១១តោនដែលធ្វើឡើងកាលពីខែឧសភា ឆ្នាំ២០២១នេះ ។ ចំណែកក្នុងខែកញ្ញានេះ កម្ពុជាបាននាំចេញប្រមាណ៧៨០គ.កបន្ថែមទៀតទៅទីផ្សារចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង