Yearendyearend1140x150

រយៈពេល៩ខែឆ្នាំ២០២១កម្ពុជានាំចេញ«ស្វាយស្រស់»ទៅចិនបានជាង២០០តោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ផ្លែស្វាយស្រស់កម្ពុជាដែលមានគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន

ភ្នំពេញ៖រយៈពេល៩ខែក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន បានចំនួនជាង២០០តោន។ការនាំចេញនេះធ្វើឡើងនៅក្នុងឧសភា និង ពាក់កណ្តាលខែកញ្ញានេះ។នេះបើតាមលោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និង ភូតគាមអនាម័យនៃក្រសួងកសិកម្ម បានប្រាប់ស៊ីស៊ីថាមស៍។

កម្ពុជានាំចេញផ្លែស្វាយស្រស់ដោយត្រង់ជាលើកដំបូងទៅកាន់ប្រទេសចិនបានចំនួន២១១តោនដែលធ្វើឡើងកាលពីខែឧសភា ឆ្នាំ២០២១នេះ ។ ចំណែកក្នុងខែកញ្ញានេះ កម្ពុជាបាននាំចេញប្រមាណ៧៨០គ.កបន្ថែមទៀតទៅទីផ្សារចិន។

បើតាមលោក កែ មុន្ធីវុធ កម្ពុជាមានបរិមាណស្វាយច្រើនគ្រប់គ្រាន់សម្រាប់នាំចេញទៅប្រទេសចិន ដោយប្រទេសចិនអនុញ្ញាតឱ្យកម្ពុជានាំចូលផ្លែស្វាយស្រស់កន្លះលានតោនក្នុងមួយឆ្នាំ។ ការសម្រេចបរិមាណនាំចេញច្រើន ឬតិចអាស្រ័យលើកត្តាច្រើនយ៉ាង ក្នុងនោះរួមមានផងដែរនូវសមត្ថភាពប្រមូលទិញ ការលាងសំអាត ការវេចខ្ចប់របស់ក្រុមហ៊ុននាំចេញទាំង៥ ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា។

លោក កែ មុន្ធីវុធ សង្ឃឹមថាការនាំចេញខ្លាំងដោយក្រុមហ៊ុននាំចេញទាំង៥នេះ នឹងធ្វើឡើងក្នុងរដូវប្រមូលផលស្វាយកែវរមៀតខុសរដូវ ដែលនឹងចាប់ផ្តើមពីខែតុលាខាងមុខនេះ ហើយកម្ពុជានាំចេញតែផ្លែស្វាយដែលមានគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិនតាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។ ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន។

តែយ៉ាងណាក៏ដោយ ក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩ ការធ្វើពាណិជ្ជកម្ម ទទួលរងផលប៉ះពាល់ពីឧបសគ្គ និងបញ្ហាប្រឈមច្រើនយ៉ាងជាយថាហេតុ មានដូចជា ការដឹកជញ្ជូនឡើងថ្លៃ ការរិតបន្តឹងលក្ខខណ្ឌតម្រូវអនាម័យ និង ភូតគាមអនាម័យរបស់ប្រទេសនាំចូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង