Yearendyearend1140x150
Img 0571

លោកបៃដិនលើកទឹកចិត្តប្រជាជនអាមេរិកឲ្យមកទទួលវ៉ាក់សាំងដូសទី៣

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ VOA

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅថ្ងៃច័ន្ទ បន្ទាប់ពីរដ្ឋបាលរបស់លោកបានយល់ព្រមចាក់វ៉ាក់សាំង Pfizer សម្រាប់ដូសទី ៣ ដល់ប្រជាជនមួយចំនួន។ ហើយលោកបានលើកទឹកចិត្តដល់ប្រជាជនអាមេរិកឲ្យមកទទួលវ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ១៩។

មុនពេលទទួលការចាក់វ៉ាក់សាំង លោក បៃ ដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា «ការចាក់ដូសទី៣គឺមានសារៈសំខាន់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ការធ្វើឱ្យមនុស្សកាន់តែច្រើនមកចាក់វ៉ាក់សាំង”។ ហើយប្រជាជនអាមេរិក ៧៧% បានទទួលវ៉ាក់សាំងការពារកូវីដ១៩យ៉ាងហោចណាស់មួយដូស។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានអនុម័តការលើកទឹកចិត្តឲ្យចាក់វ៉ាក់សាំងដូសទី៣កាលពីសប្តាហ៍មុនសម្រាប់ជនជាតិអាមេរិកបីប្រភេទ៖ អាយុ ៦៥ ឆ្នាំនិងចាស់ជាងនេះ កម្មករជួរមុខដូចជាគ្រូបង្រៀន បុគ្គលិកថែទាំសុខភាព និងអ្នកផ្សេងទៀតដែលការងាររបស់ពួកគេប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩ និងអ្នកដែលមានអាយុពី ៥០ ទៅ ៦៤ ឆ្នាំ។

សេតវិមានបាននិយាយកាលពីថ្ងៃសុក្រនេះថា ជនជាតិអាមេរិកចំនួន ២០ លាននាក់មានសិទ្ធិទទួលការចាក់វ៉ាក់សាំងដូសទី៣នេះភ្លាមៗ ចំណែកអ្នកដែលបានចាក់ Pfizer ចំនួន ៦០ លាននាក់ នឹងមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងលើកបីនៅពេលពួកគេគ្រប់៦ខែ។

លោក Biden មានអាយុ ៧៨ ឆ្នាំបានទទួលវ៉ាក់សាំង Pfizer លើកដំបូងរបស់លោកនៅខែធ្នូនិងការចាក់លើកទី ២ នៅខែមករា មុនពេលលោកស្បថចូលកាន់តំណែង។

មេដឹកនាំគណបក្សសាធារណរដ្ឋអាមេរិកលោក Mitch McConnell អាយុ ៧៩ ឆ្នាំបាននិយាយថា លោកក៏ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩នៅថ្ងៃច័ន្ទដែរ ហើយលោកលើកទឹកចិត្តដល់ជនជាតិអាមេរិកឱ្យចាក់វ៉ាក់សាំងដូសទី៣ ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩ ។

លោក Biden បានប្រកាសកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកកំពុងទិញវ៉ាក់សាំង Pfizer ចំនួន ៥០០ លានដូសទៀត ដើម្បីបរិច្ចាគជាអន្តរជាតិសម្រាប់ចំនួនសរុប ១ ពាន់លានដូសក្នុងឆ្នាំខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង