Yearendyearend1140x150

កម្ពុជានាំចេញ«ដុំមាស»ចំនួន៣៥៥គីឡូទៅអូស្រ្តាលីដើម្បីបន្សុទ្ធជាមាសទឹក៩៩,៩៩%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ។ 

ភ្នំពេញ៖គិតត្រឹមថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២១នេះ ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ដ្រាលី បានចម្រាញ់រ៉ែមាសបានចំនួន៤៨ដុំស្មើនឹងប្រមាណ៥៥៥គីឡូក្រាម។ ក្នុងនោះ«ដុំរ៉ែមាស»ចំនួន៣៥៥គីឡូ ត្រូវបានក្រុមហ៊ុននាំចេញទៅអូស្រ្តាលី ដើម្បីបន្សុទ្ធជាមាសទឹក៩៩,៩៩%។

លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ៥៥៥គីឡូក្រាមហើយ ក្រោយប្រតិបត្ដិការ៣ខែ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

បើតាមលោក អ៊ឹង ឌីប៊ូឡា ក្នុងចំណោមនោះ មាន«ដុំរ៉ែមាស»ចំនួន៣៥៥គីឡូ ត្រូវបំពេញបែបបទតាមនីតិវិធីគយ និងបាននាំចេញ ដើម្បីយកទៅបន្សុទ្ធ ជាមាសទឹក៩៩.៩៩% នៅប្រទេសអូស្ត្រាលី។

ទាក់ទងនឹងតម្លៃមាននៅទីផ្សារអន្តរជាតិវិញ លោក អ៊ឹង ឌីប៊ូឡា កត់សម្គាល់ឃើញថា មានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ សម្រាប់ថ្ងៃទី ២៧ កញ្ញា គឺមាន ១៧៤៩.៣៧ដុល្លារអាមេរិក ក្នុង១អោនមាស បើគិតជាគីឡូស្មើនឹង ៥៤,៤១៣.០៣ដុល្លារ។ចំពោះតម្លៃមាសនៅក្នុងទីផ្សារក្នុងស្រុកវិញអាចមានភាពខុសនេះបន្តិចបន្តួច។

លោក អ៊ឹង ឌីប៊ូឡា សង្កត់ធ្ងន់ថា តម្លៃរ៉ែមាសនេះ ក្រសួងរ៉ែ និងថាមពល មិនមែនជាអ្នកគ្រប់គ្រងទេ ពោលគឺយកតាមតម្លៃទីផ្សារអន្តរជាតិជាគោលសំខាន់។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១០ មិថុនា បានប្រកាសដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសជាលើកដំបូងនៅកម្ពុជាដោយរំពឹងថានឹងទទួលបានចំណូលដុលជាមធ្យម១៨៥លានដុល្លារ ក្នុងនោះរដ្ឋនឹងទទួលបានពន្ធជាថវិកា៤០លានដុល្លារក្នុងមួយឆ្នាំ។ ការដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសនេះ គឺធ្វើឡើងក្រោយពីក្រុមហ៊ុនអូស្ត្រាលី ដែលជាម្ចាស់អាជ្ញាប័ណ្ណ បានធ្វើការស្រាវជ្រាវ និងរុករកដោយប្រើពេលអស់១៤ឆ្នាំ។

ការធ្វើអាជីវកម្មរ៉ែមាស គឺត្រូវការការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងមានបច្ចេកទេសខ្ពស់។រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋបោះបង់ចោលនូវបំណងធ្វើអាជីវកម្មរ៉ែជាលក្ខណៈគ្រួសារ ខណៈការធ្វើអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិ នៅតំបន់អូខ្វាវ ត្រូវបានដាក់ជាគំរូមួយសម្រាប់នាំមុខដល់ការធ្វើអាជីវកម្មរ៉ែដទៃទៀត តាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង