Yearendyearend1140x150

រោងចក្រចំនួន១៥នៅកម្ពុជា ពិចារណា«សុំព្យួរកិច្ចសន្យាការងារ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/


កម្មកររោងចក្រនៅខេត្តព្រះសីហនុ។


ភ្នំពេញ៖ យ៉ាងហោចណាស់មានរោងចក្រចន្លោះពី១០ ទៅ១៥ កំពុងពិចារណាសុំព្យួរកិច្ចសន្យាការងារមួយរយៈដោយសារតែខ្វះ«វត្ថុធាតុដើម»ដើម្បីដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន។បច្ចុប្បន្នរោងចក្រទាំងនោះបានជូនដំណឹងទៅក្រសួងការងាររួចរាល់ហើយ ហើយកំពុងពិភាក្សាជាមួយក្រសួងរកដំណោះស្រាយស្វែករកវត្ថុធាតុដើម ដើម្បីបំពេញសង្វាក់ផលិតកម្ម។

ប្រសិនបើរោងចក្រទាំងអស់នោះត្រូវបិទទ្វាវានឹងប៉ះពាល់ដល់កម្មករកម្មការិនីរោងចកក្រប្រមាណពី៦ពាន់ទៅ៨ពាន់នាក់។នេះបើតាមអះអាងរបស់លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ។

លោក ហេង សួរ បានប្រាប់ស៊ីស៊ីថាមស៍ថា ការខ្វះ«វត្ថុធាតុដើម»ដើម្បីដំណើរការសង្វាក់ផលិតកម្មរោងចក្រ គឺជាក្តីបារម្ភដ៏ធំមួយសម្រាប់វិស័យកាត់ដេរនៅកម្ពុជា ហើយប្រសិនបើរោងចក្រនៅប្រទេសចិននៅតែផ្អាកមិនដំណើរការគេរំពឹងថានឹងមានរោងចក្រមួយចំនួននឹងសុំព្យួរ ឬបិទមិនដំណើរការនៅកំឡុងពាក់កណ្តាលខែមីនា និងខែមេសាខាងមុខនេះ។

លោក ហេង សួរ «បច្ចុប្បន្ននេះរោងចក្រនីមួយៗគាត់នៅមានស្តុកសាច់ក្រណាត់ និងវត្ថុធាតុដើមសម្រាប់ដំណើរការផលិតដល់ចុងខែ២ ឬមួយសប្តាហ៍ទី៣នៃខែ៣ខាងមុខនេះ។ប្រសិនជាដំណើរការសង្វាក់ផលិតកម្មនៅចិនបានដំណើរការជាធម្មតាវិញក្នុងសប្តាហ៍ក្រោយ ឬយ៉ាងយូរនៅសប្តាហ៍មួយទៀត នោះយើងមិនរំពឹងថាមានបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជា។ក៏ប៉ុន្តែប្រសិនជាខ្សែសង្វាក់ផលិតកម្មនៅចិននៅតែបន្តឈប់ក្នុងរយៈពេលវែង គឺយើងរំពឹងថាអាចនឹងមានរោងចក្រមួយចំនួននឹងស្នើសុំព្យួរ ឬមួយក៏បិទជាបណ្តោះអាសន្ននៅក្នុងខែ៣ និងខែ៤នេះ។»

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការងាររូបនេះបញ្ជាក់ថា ការខ្វះខាតនូវ«វត្ថុធាតុដើម»សម្រាប់ផលិតទៅជាផលិតផលសម្រេចមិនមែនមានតែនៅកម្ពុជានោះទេ ពោលគឺនៅប្រទេសក្នុងតំបន់អាស៊ីទាំងមូលកំពុងប្រឈមនឹងបញ្ហានេះដូចគ្នា តួយ៉ាងដូចជា៖ខ្សែសង្វាក់ផលិតរថយន្ត ឬមួយក៏បរិក្ខាអគ្គិសនីមួយចំនួននៅក្នុងប្រទេសជប៉ុន នៅកូរ៉េក៏កំពុងប្រឈមនឹងបញ្ហានេះ ហើយសូម្បីតែរោងចក្រហាងផលិតស្បែកជើង រោងចក្រសំលៀកបំពាក់មួយចំនួនក៏បានប្រកាសបិទទ្វាផងដែរដោយសារតែខ្វះ«វត្ថុធាតុដើម»។

គួរបញ្ជាក់ថា វិស័យកាត់ដេរនៅកម្ពុជាភាគច្រើនពឹងផ្អែកលើការនាំចូល«វត្ថុធាតុដើម»ពីប្រទេសចិន ដើម្បីបំពេញសង្វាក់ផលិតកម្មរោងចក្រនៅទូទាំងប្រទេសកម្ពុជា។ជាទម្លាប់ក្រោយចូលឆ្នាំចិន រោងចក្រនៅប្រទេសចិនចាប់ផ្តើមដំណើរការជាធម្មតា។ប៉ុន្តែសម្រាប់ឆ្នាំនេះ រោងចក្រជាច្រើននៅចិនបានផ្អាកដំណើរការផលិតកម្មដោយសារតែការផ្ទុះនៅមេរោគ«កូរ៉ូណា» ហើយការផ្អាកនេះមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយនឹងបើកដំណើរការឡើងវិញទេ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានព្រមានទុកជាមុនថា ប្រសិនបើមានរោងចក្រការបិទទ្វានៅកំឡុងខែមីនា និងខែមេសាមែននោះ វាមិនមែនដោយសារឥទ្ធិពលប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឡើយ ហើយឥទ្ធិពលចំបង គឺកង្វះនូវ«វត្ថុធាតុដើម»។ដូច្នេះលោកអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភ័ណ្ឌច្រឡំចំពោះករណីនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង