Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ “គ្មានប្រទេសណាអាចបញ្ឈប់វិបត្តិកូវីដតែឯងបានទេ”

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
 សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩។

ភ្នំពេញ៖ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់និងបញ្ឈប់វិបតិ្តកូវីដ១៩ គឺទាមទារឱ្យប្រទេសទាំងអស់លើសាកលលោក ធ្វើការរួមគ្នា គាំទ្រគ្នាទៅវិញទៅមក ព្រោះគ្មានប្រទេសណាអាចបញ្ឈប់វិបត្តិជាសាកលនេះតែម្នាក់ឯងបានទេ។ នេះបើតាមប្រសាសន៍សម្ដេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩។

ថ្លែក្នុងកិច្ចប្រជុំកំពូលសកល ក្រោមប្រធានបទ«ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តែប្រសើរ» សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ការឆ្លងរាលដាលជាសកលនៃជំងឺកូដ-១៩ គឺជាវិបត្តិរួម ។ ហេតុនេះ កម្ពុជាយល់ស្របនឹងទស្សនៈថា មិនមានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ ដោយត្រូវធ្វើការរួមគ្នា, គាំទ្រគ្នា ទៅវិញទៅមក, ហើយត្រូវចងចាំថា មិនមាននណារម្នាក់អាចមានសុវត្ថិភាពនោះទេ ដ៏រាបណាទាំងអស់គ្នា មិនទាន់មានសុវត្ថិភាព។

សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖« ត្រូវរួមគ្នាធ្វើកិច្ចការនេះ តាមសមត្ថភាព និងលទ្ធភាពរៀងខ្លួន ក្នុងទឹកចិត្តស្មោះសរការទទួលខុសត្រូវខ្ពស់ សប្បុរសធម៌ និងមិនមានបង្កប់នូវរបៀបវារៈនយោបាយ» ។ ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការប្តេជ្ញាផ្សារភ្ជាប់ខ្លួនជាមួយនឹង សេចក្តីព្រាងគោលដៅ ដែលជាលទ្ធផលដ៏សំខាន់នៃកិច្ចប្រជុំកំពូល សកលស្ដីពីជំងឺកូវីដ-១៩ នេះ ។

សម្ដេចបន្ថែមថា កម្ពុជាស្នើសុំឱ្យប្រទេសចូលរួមទាំងអស់ ប្រែក្លាយសេចក្តីព្រាងគោលដៅនេះ ទៅជាសកម្មភាពជាក់លាក់ និង ប្រាកដនិយម ។ លើសពីនេះទៀត, កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍, និន្នាការនយោបាយ និង ចៀសវាងឱ្យបាននូវ ការយកការប្រយុទ្ធនឹងជំងឺកូវី៥-១៩ ធ្វើជារបៀបវារៈនយោបាយ ឬ បម្រើរបៀបវារៈនយោបាយរបស់ខ្លួន ។

ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការកំណត់ វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្រ្តគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ និង ប្រភពនៃវ៉ាក់សាំង ព្រមទាំងអំពាវនាវឱ្យកំណត់វ៉ាក់សាំងកូវីដ១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យ និង អនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាព ទទួលបាន និង ប្រើប្រាស់បានតាមតម្រូវការ។

សូមជម្រាបជូនថា កម្ពុជាបានក្លាយជាប្រទេស ដែលមានអាត្រាចាក់ វ៉ាក់សាំងខ្ពស់ ដែលគិតត្រឹមថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ នេះ, ប្រមាណ ៦៦% នៃប្រជាជនដែលមាន អាយុ ១២ ឆ្នាំឡើង បានទទួលនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ។ បន្ថែមលើនេះ, កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១, រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ និង ចាក់ដូសជំរុញជូនដល់ប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង