Yearendyearend1140x150

លោកស្រី ទិត សុខុម បង្កើតសហគ្រាសផលិត«កែវក្រដាស និងបំពង់បឺត»ដើម្បីជួយបរិស្ថាន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ពោធិ៍សាត់៖ លោកស្រី ទិត សុខុម ស្ថាបនិកសហគ្រាស TK & D បានបោះទុន៥លានដុល្លារអាមេរិក បង្កើតសហគ្រាសជួយបរិស្ថាន និង បង្កើតការងារជូនពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់។ សហគ្រាសនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោកស្រី ទិត សុខុម បានថ្លែងថា សហគ្រាស TK & D បង្កើតជាសហគ្រាសផលិត កែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ នៃខេត្តពោធិ៍សាត់។ សហគ្រាសនេះ បានសហការចូលរួមបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង ៥លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីប្រមាណជាង២ហិកតា ដែលអាចស្រូបយកកម្លាំងពលកម្ម បានប្រមាណ១៥០នាក់។

បើតាមលោកស្រី ទិត សុខុម បានពន្យល់ថា មូលហេតុដែលលោកស្រីសម្រេចបង្កើតសហគ្រាសនោះឡើង ដោយសារលោកស្រីសង្កេតឃើញតាមបណ្តាប្រទេសធំៗមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និងបរិស្ថាន និង ដោយមានទឹកចិត្តស្រឡាញ់ប្រទេសជាតិ ទើបក្រុមការងាររបស់លោកស្រី បានបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និង ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា។

បច្ចុប្បន្ននេះ សហគ្រាសបានបង្កើតការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ បានប្រមាណ១៥០នាក់ ហើយសហគ្រាសក៏បានចូលរួមចំណែកជួយដល់ប្រជាកសិករនៅក្នុងតំបន់នោះ ដោយការជួយប្រមូលទិញកសិកម្ម ដើម្បីធ្វើជាវត្ថុធាតុដើមសម្រាប់ការផ្គត់ផ្គង់ដល់ដំណើរការផលិតកម្ម។

លោកស្រី ទិត សុខុម បានបន្តថា ចំពោះកែវក្រដាស និងបំពង់បឺត ដែលជាផលិតផលរបស់សហគ្រាស TK & D គ្រោងនឹងដាក់លក់នៅទីផ្សារក្នុងស្រុក និងភ្នាក់ងារដេប៉ូចែកចាយទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ លោកស្រីបានប្តេជ្ញាចិត្តថា លោកស្រីនឹងខិតខំពង្រីកការវិនិយោគទុនលើសហគ្រាស TK & D បន្ថែមទៀត ដើម្បីឲ្យមានការរីកចម្រើនតទៅមុខទៀតនាពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង