Yearendyearend1140x150

ព្រឹទ្ធសភាឯកភាពសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀង«ពាណិជ្ជកម្មសេរីកម្ពុជា-ចិន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានព្រឹទ្ធសភានៃកម្ពុជាអនុម័ត គាំទ្រទាំងស្រុង អំឡុងការបន្តសម័យប្រជុំលើកទី៧ នីតិកាលទី៤ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតី ភាព របស់ឯកឧត្តមកិត្តិសង្គហ បណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីធ្វើសេរីភាវូបនីយកម្មនិងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរតាមរយៈការកាត់បន្ថយ និងលុបបំបាត់ពន្ធគយនិងរបាំងមិនមែនពន្ធគយ ដោយធានាថាស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព មិនបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ជាពិសេសសំដៅការធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មសេវាកម្មឱ្យបានច្រើនវិស័យ និងបែបបទនៃការផ្គត់ផ្គង់សេវា ការសម្រួល ការពារ ជំរុញ និងទាក់ទាញវិនិយោគ ការធ្វើពិពិធកម្ម និងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្រមទាំងបង្កើតរចនាសម្ព័ន្ធសម្រាប់អនុវត្តកិច្ចព្រមព្រៀង និងកំណត់យន្តការដោះស្រាយវិវាទ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិ ជ្ជ កម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ព្រឹទ្ធសភាក៏មានរបៀបវារៈផ្សេងៗទៀតដែរ ក្នុងពេលនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង