Yearendyearend1140x150

ភ្នាក់ងារទេសចរណ៍ព្រមានពីការ«បាត់បង់ចំណាប់អារម្មណ៍ពីបរទេស»បើមិនបើកទេសចរចុងឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (រូបភាព៖ ហ្វេសប៊ុក)

ភ្នំពេញ៖សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានព្រមានពីការបាត់បង់ការចាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេស ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមិនទាន់បើកទទួលទេសចរដែលចាក់វ៉ាក់សាំងរួចនៅចុងឆ្នាំ២០២១នេះ ។ការព្រមាននេះធ្វើឡើងខណៈចុងឆ្នាំ២០២១ជិតចូលមកដល់។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថា ការបើកទទួលទេសចរបរទេសនៅចុងឆ្នាំនេះ គឺជាឱកាសល្អ ព្រោះកម្ពុជាក៏បានពន្លឿនការចាក់វ៉ាក់សាំងរហូតបានជាក់កម្រិតលេខ២នៅក្នុងអាស៊ាន។ ដូចនេះកម្ពុជាគួរតែយកឱកាសនេះដើម្បីបើកទទួលភ្ញៀវ និងដើម្បីជាសារពញ្ញាក់ទាក់ទាញដល់ទេសចរនៅទូទាំងពិភពលោកឱ្យបែរមកចាប់អារម្មកម្ពុជា។

បើតាមលោកស្រី ឆាយ ស៊ីវលីន បើកម្ពុជានៅតែពន្យារពេលក្នុងការបើកទទួលទេសចរ នោះវាអាចនឹងហួសពេលសម្រាប់ភ្ញៀវទេសចរក្នុងការមកកម្សាន្តនៅកម្ពុជានៅចុងឆ្នាំនេះ ជាឱកាសឈប់សម្រាក ហើយទេសចរបទេសអាចនឹងងាកទៅរកប្រទេសផ្សេងៗទៀតដើម្បីធ្វើដំណើរកម្សាន្ត ដូចជា ប្រទេសអឺរ៉ុប ថៃ សិង្ហបុរីជាដើម ដែលគ្រោងនឹងបើកទទួលទេសចរបរទេសពេញលេញនៅក្នុងខែតុលានេះផងដែរ។ ដូចនេះ បើកម្ពុជាមិនបើកឱ្យទាន់ពេលវេលា កម្ពុជាអាចនឹងបាត់បង់ភ្ញៀវទេសចរថែមទៀត។

លោកស្រី ឆាយ ស៊ីវលីន ថ្លែងថា មានភ្ញៀវទេសចរមួយចំនួនបានទាក់ទងតាមរយៈទីភ្នាក់ងារទេសចរណ៍កម្ពុជា ដើម្បីសាកសួរអំពីការធ្វើដំណើរកម្សាន្តមកកាន់កម្ពុជា ដែលមានទាំងភ្ញៀវអឺរ៉ុប និងមួយចំនួនទៀតជាភ្ញៀវនៅអាស៊ានជាដើម។

ដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្ញៀវជាត់មានទំនុកចិត្តក្នុងការដើរកម្សាន្ត ខាងសមាគមបានតម្រូវឱ្យបុគ្គលិកដែលបម្រើការងារក្នុងវិស័យទេសចរណ៍ទៅចាក់វ៉ាក់សាំងាការពារការឆ្លងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ហើយបុគ្គលិកណាដែលមិនទាន់បានចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឱ្យចូលបម្រើការងារឡើយ។មកទល់ពេលនេះ បុគ្គលិកបម្រើការវិស័យទេសចរណ៍ក៏បានចាក់វ៉ាក់សាំងរួចបានច្រើន ហើយខ្លះទៀតមិនទាន់បានចាក់ដោយសារបញ្ហាសុខភាពជាដើម។សមាគមក៏បានណែនាំទៅគ្រប់សហគ្រាសទាំងអស់នៃវិស័យទេសចរណ៍ ត្រូវនាំបុគ្គលិក ឬកម្មករទាំងអស់ទៅចាក់វ៉ាក់សាំង ទើបខាងសមាគមអនុញ្ញាតឱ្យបើកវិញបាន។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន។

គួរបញ្ជាក់ថា ថ្លែងក្នុងពិធីអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្តេច ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងគិតគូរបើកដំណើរការឡើងវិញនូវអាជីវកម្មមួយចំនួនទាំងផ្នែកសេវាកម្ម ក្នុងផ្នែកទេសចរណ៍ផងដែរ។ការរៀបចំនេះធ្វើឡើងដើម្បីត្រៀមបើកទទួលអ្នកទេសចរដែលចាក់វ៉ាក់សាំងកូវីដ-១៩រួច ហើយទេសចរដែលចូលមកកម្ពុជាអាចនឹងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ហើយភ្ញៀវទេសចរនោះអាចមានសិទ្ធិដើរកំសាន្តក្នុងទីក្រុងដែលខ្លួនបានចុះចតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង