Yearendyearend1140x150

អ្នកជំនាញ៖«ទេសចរក្នុងស្រុក»អាចស្រោចស្រង់សេដ្ឋកិច្ចខ្លះក្នុងដំណាក់កាលកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរក្នុងស្រុក (រូបភាព៖ សហការី)

ភ្នំពេញ៖នៅក្នុងឆ្នាំ២០២១នេះ ស្ថានការណ៍នៃវិស័យទេសចរណ៍នៅតែមិនទាន់ល្អប្រសើរ រយៈពេល៧ខែក្នុងឆ្នាំ២០២១ ទេសចរអន្តរជាតិថយចុះ៩០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ប៉ុន្តែកម្ពុជាទទួលបានទេសចរណ៍ផ្ទៃក្នុងសរុបជាង២លាននាក់។សម្រាប់អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ចរន្តទេសចរក្នុងស្រុកនេះ អាចជាយុទ្ធសាស្រ្តមួយនៃការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាក្នុងដំណាក់កាលកូវីដ-១៩។

នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកបណ្ឌិត ឆេង គីមឡុង ការស្ដារនិងជំរុញឱ្យមានកំណើនឡើងវិញនៃទេសចរណ៍ក្នុងស្រុក គឺពិតជាមានសារៈសំខាន់ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចមួយផ្នែក។

បើតាមលោកបណ្ឌិត ឆេង គីមឡុង ជាងមួយឆ្នាំមកនេះ អាជីវកម្មខ្នាតតូច ខ្នាតមធ្យម សណ្ឋាគារ ភោជនីយដ្ឋាន ផ្នែកដឹកជញ្ជូនទេសចរ ផ្នែកកក់សំបុត្រ ឬក្រុមហ៊ុនអាកាសចរណ៍ បានរងផលប៉ះពាល់ជាខ្លាំង ដែលធ្វើឱ្យតម្លៃទាក់ទងនឹងការធ្វើដំណើរមានការកើនឡើងខ្ពស់ ជាពិសេសប៉ះពាល់ដល់លទ្ធភាពនៃការស្តារវិស័យទេសចរណ៍។

លោកបណ្ឌិត ឆេង គីមឡុង យល់ឃើញថា នៅក្នុងដំណាក់កាលនេះ ការផ្តល់វ៉ាក់សាំងជូនប្រជាជន គឺជាកត្តាមួយដែលអាចបង្ហាញថា កម្ពុជាអាចមានលទ្ធភាពក្នុងការបើកទេសចរណ៍ក្នុងស្រុកមុនគេ ជាពិសេសអាចឈានទៅដល់ការអនុវត្តនូវការស្តារវិស័យទេសចរណ៍ ដោយទទួលភ្ញៀវអន្តរជាតិមកពីក្រៅស្រុកដែលបានចាក់វ៉ាក់សាំងរួចផងដែរ។

ចំណែកលោក គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា បានមើលឃើញដូចគ្នាថា ទេសចរណ៍ក្នុងស្រុកគឺជាយុទ្ធសាស្រ្តមួយនៅក្នុងការជម្រុញសេដ្ឋកិច្ចតាមរយៈការបិទសេដ្ឋកិច្ច ព្រោះវិបត្តិកូវីដ-១៩បានបញ្ជាក់ថា ប្រទេសកម្ពុជាគឺស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចបិទមួយចំនួនធំ។ ដូចនេះទេសចរណ៍ក្នុងស្រុក បានធ្វើឱ្យកម្ពុជាទទួលបានចំណូលបន្ថែមពីការបង្កើនចំណាយក្នុងស្រុកជាជាងការនាំចេញលើវិស័យសេវាកម្ម។

អ្នកជំនាញរូបនេះ បានបន្តថា នៅពេលខាងមុខកម្ពុជានឹងបើកទទួលភ្ញៀវទេសចរទាំងអស់ មិនថាទេសចរចិន ឬអឺរ៉ុបនោះទេ ជារួមឱ្យតែភ្ញៀវទេសចរទាំងនោះបានចាក់វ៉ាក់សាំងរួច។ នេះជាឱកាសសម្រាប់ឱ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម ឬជាជំហានទី២ សម្រាប់ការស្តារនូវឧស្សាហកម្មទេសចរណ៍កម្ពុជាឡើងវិញ ឬវិស័យសេវាកម្ម ដែលនឹងធ្វើបន្ទាប់ពីការជំរុញទេសចរណ៍ក្នុងស្រុករួច ហើយនេះជាយុទ្ធសាស្រ្តដ៏ល្អរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រមូលសម្រាប់ជាតិ។

គួរបញ្ជាក់ថា រយៈពេល៧ខែក្នុងឆ្នាំ២០២១ កម្ពុជាទទួលបាទេសចរណ៍ផ្ទៃក្នុងសរុបចំនួន ២.៣០០.៨៥១ នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជា ២.១៤៦៩៥៩ នាក់ ថយចុះ ៣៨%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុបប្រមាណជា ១៥៣៩៩២ នាក់ថយចុះ៩០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង