Yearendyearend1140x150

«ព្រះវិហារបុរាណ»ចំនួន៨ខ្លះមានអាយុ១០០ឆ្នាំត្រូវក្រសួងវប្បធម៌អភិរក្សនិងជួសជុល

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ព្រះវិហារចំណាស់ៗ ដែលសុទ្ធសឹងតែជាស្នាដៃវិចិត្រ ក្បូរក្បាច់រចនា គំនូរបុរាណ និងមានគុណតម្លៃផ្នែកសាសានា សិល្បៈវប្បធម៌ និងមានអាយុកាលចាប់ពី៥០ឆ្នាំ ទៅ១០០ ឆ្នាំជាង ចំនួន៨ ដែលស្ថិតនៅតាមខេត្តបាត់ដំបង សៀមរាប កំពង់ចាម កំពង់ធំ កំពង់ឆ្នាំ កណ្ដាល និងរាជធានីភ្នំពេញ ត្រូវបានក្រសួងវប្បធម៌ ជួសជុល កែលម្អ អភិរក្សឡើងវិញ។

ក្រសួងវប្បធម៌ ជួសជុលជារចនាសម្ព័ន្ធ ទៅលើព្រះវិហារដែលបាក់បែកខូចខាត ដូចជាធ្លុះធ្លាយ មានឈើពុក ដោយជួសជុលឡើងវិញ។ ចំណែកផ្ទាំងគំនូរបុរាណវិញ ភាគច្រើនជួសជុល និងសម្អាតលើផ្ទាំងគំនូរនៅតាមទីអារាមចាស់ៗ ដែលមានអាយុកាល ៥០ ៧០ និងខ្ទង់រយឆ្នាំ ហើយការសម្អាតនេះទៀតសោត គឺធ្វើឡើងមុនពេលជួសជុលគំនូរ ដែលមានការប្រឡាក់ធូលី អាចម៍សត្វផ្សេងៗ។

ព្រះវិហារចំណាស់ៗមួយចំនួនដូចជា ព្រះវិហារវត្តកំពង់ព្រះ នៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាមមានពីរវត្តគឺ វត្តមហាលាភ និងវត្តស្វាយសាច់ភ្នំ។ ចំណែកខេត្តបាត់ដំបងវិញ មានវត្តខ្សាច់ពយ និងនៅខេត្តកំពង់ធំ មានវត្តពៅវើយ ក្នុងស្រុកស្ទោង ចំណែកខេត្តកណ្ដាលមានវត្ត រការច្រលឹង ស្រុកខ្សាច់កណ្ដាល និងនៅភ្នំពេញមានវត្តចិនដំដែក។

វត្តស្វាយសាច់ភ្នំ ស្ថិតក្នុងខេត្តកំពង់ចាម

ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅខែក្រោយក្រសួងវប្បធម៌ គម្រោងទៅជួសជុលព្រះវិហារ នៅវត្តទស្សពិត ខេត្តកំពង់ឆ្នាំង និងព្រះវិហារនៅភ្នំឧត្តុង ខេត្តកណ្ដាល ដោយមានការចូលរួមថវិការជួសជុលពីសប្បុរសជន និង អភិបាលខេត្តកណ្ដាល។

ឯកឧត្តមថ្លែងថា ក្នុងបេសកម្មរបស់ក្រសួងដែលមាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បើសំណង់ ឬព្រះវិហារណាដែលមានអាយុកាលចំណាស់ គឺក្រសួងមានតួនាទីត្រូវអភិរក្ស។ តែវាក៏អាស្រ័យលើបញ្ហាថវិការផងដែរ ប្រសិនបើក្រសួងមិនមានថវិការទេ ក៏មិនអាចជួសជុលបានភ្លាមៗដែរ បានត្រឹមតែពន្យាពេលថែរក្សាការពារទុកសិនដូចជា បោសសម្អាត បោចស្មៅ មើលការខុសត្រូវមួយចំនួន។

បើតាមឯកឧត្តម ប្រាក់ សុវណ្ណារ៉ា ការវាយកម្ទេចវិហារចាស់ ហើយសង់ថ្មី អាចបណ្ដាលមកពីប្រជាជនក្នុងតំបន់ជាអ្នកចំណូលថ្មី មិនបានស្វែងយល់ពីតម្លៃរបស់អ្នកស្រុកដើម ឬយល់ពីម្ចាស់ស្រុក។ មួយទៀតអាចមកពីអ្នកម្ចាស់ស្រុកផ្ទាល់មិនបានយល់ពីតម្លៃរបស់បុរាណ និងមិនបានចិញ្ចឹមចិត្តថែរក្សា ចង់បានតែរបស់ថ្មី។ការវាយកម្ទេចព្រះវិហារចាស់ៗចោល លោកបានលើកជាឧទាហរណ៍វត្តស្វាយសាច់ភ្នំ ស្ថិតក្នុងខេត្តកំពង់ចាម ដែលកន្លងមកមានពុទ្ធបរិស័ទ្ធមួយចំនួនដែលមានលទ្ធភាពកសាងព្រះវិហារថ្មីចង់វាយព្រះវិហារចាស់ចោល តែពុទ្ធបរិស័ទ្ធមួយចំនួនទៀត និងព្រះចៅអធិការវត្តមិនអនុញ្ញាតឱ្យវាយព្រះវិហារចាស់ចោលទេ ដោយស្វះស្វែងរកអ្នកជំនាញណាដែលអាជួសជុលព្រះវិហារចំណាស់នេះបាន។

ការចូលរួមដ៏ល្អពីប្រជាពលរដ្ឋ ដែលបណ្ដុះស្មារតីស្រលាញ់ព្រះវិហារចំណាស់ដែលបន្សល់ទុកពីបុរាណមក ព្រោះភាគច្រើនប្រជាជនដែលរស់នៅតំបន់មួយដែលបន្សល់វត្ថុបុរាណប្រាកដជាស្ដាយកេរ្តិ៍ដំណែល ប្រសិនបើវាយកម្ទេចរបស់ចាស់ហើយសាងសង់ថ្មី។ក្រសួងវប្បធម៌បានទទូចដល់ប្រជាពលរដ្ឋ បើសាងសង់វិហារថ្មីហើយ កុំភ្លេចថែរក្សារវិហារចាស់ កុំបានថ្មីចោលចាស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង