Yearendyearend1140x150

លោក Blinken ទម្លាក់កំហុសលើលោកត្រាំអំពីការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ 

អាមេរិក៖ គណៈកម្មាធិការទំនាក់ទំនងការបរទេសសភាអាមេរិក នៅថ្ងៃទី ១៤ កញ្ញា បានបើកកិច្ចប្រជុំពិនិត្យមើលការដកកងទ័ពប្រកបដោយភាពចលាច័លចេញពីប្រទេសអាហ្វហ្គានីស្ថានដោយបានបញ្ចប់សង្គ្រាម២ទសវត្សរ៍របស់ខ្លួនដែលជារយៈពេលយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជាអ្នកផ្តល់សក្ខីកម្មអំពីការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅចំពោះមុខគណៈកម្មការសភា។

នៅចំពោះមុខគណៈកម្មការសភាលោក Antony Blinken បានស្តីបន្ទោសគោលនយោបាយរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ ចំពោះកំហុសក្នុងការដកទ័ពអាមេរិកពី អាហ្វហ្គានីស្ថាន។លោកចាត់ទុករដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បច្ចុប្បន្នបានទទួលបន្ទុកពីរដ្ឋបាលត្រាំ។

បើតាមលោក Blinken ការដកទ័ពនេះ វាជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់រដ្ឋបាល Trump បានដាក់សម្ពាធលើរដ្ឋាភិបាលអាហ្វហ្គានីស្ថានឱ្យដោះលែងអ្នកទោសតាលីបង់ ហើយក្នុងពេលជាមួយគ្នានេះ បានកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានមកនៅត្រឹមប្រមាណ ២៥០០ នាក់។ បន្ទាប់ពីរដ្ឋបាល លោក ចូ បៃដិន ចូលកាន់តំណែងលោកគ្មានជំរើសផ្សេងទៀត ដែលអាចសម្រេចបានក្រៅពីការដកទ័ពនោះទេ។

លោក Blinken ថ្លែងថា “គ្មានភស្តុតាងដែលបង្ហាញថា ការបន្តវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានអាចធានាថារដ្ឋាភិបាលអាហ្វហ្កានីស្ថានឬកងកម្លាំងសន្តិសុខមានភាពជឿជាក់លើខ្លួនឯងជាងមុន ហើយគ្មានការស៊ើបការណ៍សម្ងាត់ ដើម្បីបង្ហាញថារដ្ឋាភិបាលនិងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននឹងត្រូវបរាជ័យក្នុងរយៈពេល ១១ ថ្ងៃដែរ។”

លោក Blinken គឺជាមន្រ្តីជាន់ខ្ពស់ដំបូងគេនៅក្នុងរដ្ឋបាលលោក បៃ ដិន ដែលទទួលយកការសួរដេញដោលពីសភាអំពីការដកទ័ពចេញពីអាហ្វហ្គានីស្ថាន។ ចំណែករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក អូស្ទីន បានបដិសេធមិនចូលរួមសវនាការនៅថ្ងៃនេះទេ។

គួរបញ្ជក់ថា បេសកកម្មយោធាអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថានត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា។ការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានដោយបានបញ្ចប់សង្គ្រាម២ទសវត្សរ៍របស់ខ្លួនដែលជារយៈពេលយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

សមាជិកសភាខាងគណបក្សសាធារណរដ្ឋដែលជាគណបក្សប្រឆាំងនិងសហការីខាងគណបក្សប្រជាធិបតេយ្យខ្លះរបស់លោកប្រធានាធិបតី Joe Biden បានវាយប្រហារទៅលើចំណាត់ការរបស់លោក ចំពោះការដកកងទ័ពអាមេរិក ពលរដ្ឋអាមេរិក និងពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលបានធ្វើការឲ្យកងទ័ពសហរដ្ឋអាមេរិកជាអ្នកបកប្រែភាសា និងទីប្រឹក្សាក្នុងអំឡុងនៃសង្គ្រាមនោះ។

ការរិះគន់នេះបន្ទាប់ពីទាហានសហរដ្ឋអាមេរិកចំនួន១៣នាក់ បានស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតមួយនៅឯចំណតអាកាសយានដ្ឋានក្រុងកាប៊ុលក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការបិទបញ្ចប់ការដកកងទ័ពអាមេរិកនោះ។ ក្រុមរដ្ឋអ៊ីស្លាម Khorasan ជាក្រុមភេរវកម្មដែលប្រតិបត្តិការនៅក្នុងតំបន់មជ្ឈឹមបូព៌ា បានប្រកាសអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង