Yearendyearend1140x150
Img 0571

ជនជាតិចិន៥នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ«ជំរិតទារប្រាក់»ក្នុងខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ជនសង្ស័យជាជនជាតិចិនចំនួន ៥នាក់ ត្រូវបានស្នងការនគរបាលខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្ត បានសម្រេចឃាត់ខ្លួន និង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធនឹងករណី ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ជនជាតិចិនគ្នាឯង។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ផ្តល់ជូនមកស៊ីស៊ីថាមស៍ បានគូសបញ្ជាក់ជា នៅថ្ងៃទី ០៦ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលពាក្យបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Wen ShangQian ដោយក្នុងបណ្តឹងនោះបានអះអាងថា មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន បានទូរស័ព្ទប្រាប់គាត់ថា កំពុងចេញធ្វើដំណើរទៅកំពង់ផែ ដោយមានរថយន្ត ០១គ្រឿង ម៉ាក HIGHLANDER ពណ៌ស មកទទួលនៅចំណុចមុខស្ថាននីយប្រេង PTT អូរបី ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកស្រាប់តែបាត់ដំណឹងឈឹង។

ក្នុងបណ្តឹងបន្តថា រហូតដល់វេលាម៉ោង ២១ ថ្ងៃ.ខែដដែល មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa បានវីឆាតមកខ្ចីប្រាក់ចំនួន ៨,០០០Yuan (ប្រាំបីពាន់យាន់) បានប្រហែលជាមួយម៉ោងក្រោយ ស្រាប់តែសុំខ្ចីបន្ថែមចំនួន ៦,០០០$ (ប្រាំមួយពាន់ដុល្លារអាមេរិក) ទៀត តែគាត់មិនបានវេរអោយទេ លុះក្រោយមក ជនសង្ស័យបានយកទូរស័ព្ទដៃជនរងគ្រោះ ទាក់ទងទៅក្រុមគ្រួសាររបស់ជនរងគ្រោះនៅប្រទេសចិន ជំរិតទារប្រាក់ចំនួន ២០០,០០០Yuan (ម្ភៃម៉ឺនយាន់) ដោយដឹងថា ជនរងគ្រោះត្រូវបានគេចាប់ជំរិត គាត់ក៏មកប្តឹងសមត្ថកិច្ចតែម្តង ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះទៅកន្លែងកើតហេតុ រហូតដល់ថ្ងៃទី ១២ កញ្ញា ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ០៥នាក់ ជាបន្តបន្ទាប់ និងរំដោះបានជនរងគ្រោះឈ្មោះ Yi GengFa ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះដៃ បង្ខាំងទុកនៅផ្ទះមួយល្វែង ដែលមានទីតាំងស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន ខ្នោះដៃ ០១គូរ (ដាក់ជាប់ដៃជនរងគ្រោះ) សោរដោះខ្នោះដៃចំនួន ០២ រថយន្ត ០២គ្រឿង ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខៈ ព្រះសីហនុ 2B-1799 ។ ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ភ្នំពេញ 2BB-0150 ។ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

គួរបញ្ចាក់ថា រាល់បទល្មើសជាច្រើនពាក់ព័ន្ធនិងការចាប់ជំរិត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុតែងតែដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ឆ្នក់បង្ក្រាប់ចាប់បានជាច្រើនករណី សូមភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងកំសាន្តនិងជាពិសេសអ្នកវិនិយោគទុននៅខេត្តព្រះសីហនុសូមកុំមានការព្រួយបារម្ភ ហើយជំពោះជនណាដែលហ៊ានប្រពឹត្តបទល្មើស សមត្ថកិច្ចយើងសូមផ្ដាំទុកជាមុនថារាល់គ្រប់បទល្មើសទាំងអស់គឺមិនឲ្យរួចខ្លួនជាដាច់ខាត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង