Yearendyearend1140x150

កសិដា្ឋន«ចិញ្ចឹមមាន់»ខ្លះប្រឈមនឹងបិទទ្វារដោយសារការនាំចូលមាន់ពីវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពុជា

ភ្នំពេញ៖កសិដា្ឋនចិញ្ចឹមមាន់មួយចំនួននៅប្រទេសកម្ពុជាកំពុងប្រឈមនឹងការបិទទ្វារ ដោយសារមានការនាំចូលមាន់ពីប្រទេសជិតខាងជាពិសេសប្រទេសវៀតណាមដោយគ្មានច្បាប់ទម្លាប់ ការចិញ្ចឹមមាន់លើសតម្រូវការទីផ្សារ ធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។នេះបើយោងតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពុជា។

លោក ស្រ៊ុន ពៅ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សព្វថ្ងៃនេះ កសិករក្នុងវិស័យចិញ្ចឹមមាន់ក្នុងសមាគមលោកកំពុងតែជួបបញ្ហាប្រឈម និងកាដខាតបង់ជាទម្ងន់ ដោយសារតែបញ្ហាកូវីដ-១៩ បានធ្វើឱ្យទីផ្សារកម្ពុជាមានការធ្លាក់ចុះ ដោយសារលក់បានតិច។ហើយបញ្ហាប្រឈមមួយទៀត គឺការនាំចូលមាន់ពីប្រទេសជិតខាងដូចជាវៀតណាមជាដើម ដែលជាបញ្ហាប្រឈមខ្លាំង។

បើតាមលោក ស្រ៊ុន ពៅ ការនាំចូលមាន់ពីប្រទេសជិតខាងដូចជាវៀតណាម មានខ្លះលួចនាំចូលដោយគ្មានច្បាប់ទម្លាប់ក៏មាន ក្រៅពីនេះការចិញ្ចឹមមាន់ដែលមានចំនួនលើសពីតម្រូវការទីផ្សារជាដើម ដូចនេះកសិករចិញ្ចឹមសត្វមាន់នៅកម្ពុជាបានទទួលរងផលប៉ះពាល់ជាខ្លាំងទៅលើបញ្ហានេះ។

លោកបានអំពាវនាវប្រជាកសិករក្នុងវិស័យចិញ្ចឹមមាន់ ខាងសមាគមចិញ្ចឹមសត្វកម្ពុជាកំពុងសហការជាមួយអគ្គនាយកដ្ឋាន ក៏ដូចជាក្រសួងកសិកម្ម ជួយទប់ស្កាត់ការនាំចូលមាន់ខុសច្បាប់ និងរកទីផ្សារឱ្យកសិករកម្ពុជាឡើងវិញ និងពិភាក្សាគ្នាធ្វើយ៉ាងណាដើម្បីឱ្យកសិករចិញ្ចឹមមាន់នៅកម្ពុជាទទួលបានផលចំណេញឡើងវិញ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍យ៉ាងខ្លីថា ក្រសួងកសិកម្មបានដឹងបញ្ហានេះ ប៉ុន្តែអ្វីដែលសំខាន់គឺខេត្តមួយចំនួន មិនបានសហការបានទាក់ទងទៅនឹងបញ្ហានេះ។ឯកឧត្តមថ្លែងថា យើងកំពុងអង្កេត ពីបទល្មើសនេះ ។បច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងអនុវត្តន៍នយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ។

គួរបញ្ជាក់ថា តម្លៃសត្វមាន់រស់ដែលទិញពីកសិករនៅកម្ពុជាមាន់រស់មានតម្លៃជាង៣ពាន់រៀលក្នុងមួយគីឡូក្រាម ឬអាចមានតម្លៃលើសនេះបន្តិចតែមិនដល់៤ពាន់រៀលនោះទេ។ តែបើតម្លៃដែលប្រជាពលរដ្ឋទិញពីអាជីវករនៅតាមទីផ្សារវិញ គឺមានតម្លៃ៨ពាន់ដដែល ជារួមតម្លៃលកើនៅទីផ្សារគឺមិនមានការធា្លក់ថ្លៃទេ៕

កសិដ្ឋានចិញ្ចឹមមាន់ (រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំ)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង