Yearendyearend1140x150

សាលាចំនួន៥ក្នុងខេត្តព្រះសីហនុគ្រោងបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី១៣ កញ្ញា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ 

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងបើកសាកល្បងដំបូងសាលារៀនចំនួន៥ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះតទៅ។ជាសាលាដែលស្ថិតក្នុងតំបន់មានហានិភ័យទាប ហើយក្នុងដំណាក់កាលដំបូងនេះ រដ្ឋបាលខេត្ត ផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ព្រោះជាថ្នាក់ត្រូវប្រឡងសញ្ញាបត្រនាពេលខាងមុខ។

សាលាចំនួន៥ គឺមាននៅក្រុងស្រុកទាំង៥ មានដូចជា ១. វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ ២. អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់ ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ ៤. អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង៥. អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង។សាលាទាំងនេះត្រូវបានជ្រើសរើសដោយរដ្ឋបាលខេត្ត ហើយសុទ្ធសឹងតែជាសាលាដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ បើកដំណើរការសាកល្បងមុនគេ និងឈានទៅបើកសាលាបន្តបន្ទាប់យោងតាមស្ថានភាពសមស្រប។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ មុននឹងបើកសាលាសាកល្បងឡើងវិញ សាលាត្រូវអនុវត្តដោយលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចរាល់ទើបអនុញ្ញាតឱ្យចូលរៀន និងចូលបង្រៀន, ការធ្វើសំណាកតេស្តវិភាគរកជំងឺកូវីដ-១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូ, ត្រូវមានម៉ាស៊ីនវាស់កម្តៅ លាងអាល់កុល ឬជែលជាដើម។

គួរបញ្ជាក់ថា តាមផែនការនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តនឹងចុះត្រួតពិនិត្យការរៀបចំ និងដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសាលាទាំង៥ខាងលើ មុនបើកឱ្យដំណើរការ ដើម្បីឱ្យប្រាកដថាមិនមានចំនុចឆកល្វែង និង ធានាបានសុវត្ថិភាពចំពោះសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង