Cct850x100 1
1800px x h300px kh

ខណ្ឌចំនួន៥នៅភ្នំពេញ ដោះស្រាយបញ្ហាទឹកលិចបានប្រសើរ ស្របពេលមានព្យុះភ្លៀងប៉ុន្មានថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះក្នុងរាជធានីភ្នំពេញមានភ្លៀងធ្លាក់បន្តបន្ទាប់ ដែលជាហេតុបង្កឱ្យមានការជន់លិចនៅតាមទីតាំងមួយចំនួន។ ដោយឡែក សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានលើកឡើងថា ខណ្ឌចំនួន៥ ដែលរងការជន់លិចដោយទឹកភ្លៀងនោះ គឺដោះស្រាយបញ្ហាទឹកបានល្អប្រសើរច្រើន។ តែក៏នៅមានទីតាំងមួយចំនួននៅជាយក្រុងរងការលិចដោយអន្លើរៗផងដែរ។

បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេលព្យុះភ្លៀងប៉ុន្មានថ្ងៃនេះ តំបន់ភូមិសាស្ត្រ ៥ខណ្ឌក្នុងទីក្រុងត្រូវបានដោះស្រាយបញ្ហាទឹកលិចបានយ៉ាងល្អប្រសើរ។ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមដោយទឹកភ្លៀងលិចនៅតំបន់មួយចំនួននៅខណ្ឌជាយក្រុង ដូចជា តំបន់ផ្លូវជាតិលេខ ៤ ចោមចៅ តំបន់គោកបញ្ជាន់ តំបន់ទួលពង្រ តំបន់បឹងទំពុន តំបន់ផ្លូវជាតិលេខ ២ចាក់អង្រែ និងស្តុបម៉ុងឌីយ៉ាល់។

បើតាមមន្ទីរសាធារណការ បន្ថែមថា សម្រាប់តំបន់ខាងលើដែលមានបញ្ហាជន់លិច ក្រុមការងារកំពុងបូមស្តារបណ្តាញលូខាងលើដោយប្រើប្រាស់រថយន្តចំនួន ១៥គ្រឿង។ ជាមួយនឹងសមត្ថភាពស្ថានីយ៍បូមទឹកបញ្ចញក្រៅក្រុងកើនឡើងចំនួន ៣ដង គួបផ្សំនឹងការកាយស្តារភក់ សំរាមតាមប្រឡាយមេចំនួន ១០ខ្សែដែលបានអនុវត្តរួចរាល់ថ្មីៗនេះ ធ្វើអោយការលិចលង់ដោយទឹកភ្លៀងមានរយៈពេលខ្លីប៉ុណ្ណោះ។

ជាងនេះទៅទៀត ក្រោយពីដាក់អោយដំណើរការលូខ្នាតធំ អាងក្រោមដី ម៉ាស៊ីនកាយសំរាមស្វ័យប្រវត្តិ និងស្ថានីយ៍បូមទឹកថ្មីវត្តភ្នំ តំបន់ដែលធ្លាប់លិចទឹកធ្ងន់ធ្ងរនៅជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ មិនរងការលិចទឹកទៀតទេ។

ទន្ទឹមនឹងនេះ ការដ្ឋានក៏បានដាក់អោយដំណើរការលូខ្នាតធំបណ្តោះអាសន្ននៅភូមិសាស្ត្រសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកក្នុងរយៈពេល៣ថ្ងៃមកនេះ ឃើញថា ស្តុបផ្សារមាន់អាំង ផ្លូវលេខ៥៩២ មុខវិទ្យាល័យឥន្ទ្រទេវី មានភាពល្អប្រសើរមិនរងការលិចទឹកទៀតដែរ។

សូមជម្រាបជូនថា អង្គការ JICA និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់អោយដំណើរការម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិខាងមុខទឹកចូលស្ថានីយ៍បូមទឹកទី៦ វត្តភ្នំ ស្ថិតនៅសួនច្បារមាត់ទន្លេមុខCDC នៃគម្រោងការពារទឹកជំនន់ជំហានទី៤ ដែលជាគម្រោងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។

យ៉ាងណាមិញ សំរាមនៅតែជាឧបសគ្គបាំងបិទសម្រាស់ស្ថានីយ៍ ធ្វើឱ្យលំហូរទឹកមិនអាចហូរទាន់ពេលមកដល់ស្ថានីយ៍បូម និងអាងស្តកទឹកក្រោមដី។ គិតត្រឹមថ្ងៃទី៤ខែសីហាឆ្នាំ២០២១ គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ សម្រេចបាន ស្ទើរតែ១០០%។

ប្រភពរូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ 

Khcct banner

អត្ថបទទាក់ទង