Yearendyearend1140x150

ភាគីចិនសន្យានឹងបន្តវាយតម្លៃចំពោះផ្លែមៀនកម្ពុជាខណៈការវិភាគការនាំចូលបានវិវត្តមួយកម្រិត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ភាគីចិនបានសន្យាថានឹងបន្តធ្វើការវាយតម្លៃចំពោះផ្លែមៀនស្រស់កម្ពុជា ខណៈការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់នាំចូលមកប្រទេសចិនទទួលបានការវិវត្តមួយកម្រិត។ ការសន្យានេះធ្វើឡើងស្របពេលដែលភាគីចិនបានឆ្លើយតបមកកម្ពុជាចំពោះសំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាកិច្ចឆ្លើយតប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អគ្គរដ្ឋបាលគយចិន ដែលមាននាយកដ្ឋានភូតគាមអនាម័យ និងអនាម័យសត្វ មានប្រសាសន៍ជូនអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិនថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់ នាំចូលមកប្រទេសចិនទទួលបានការវិវត្តមួយកម្រិត។

ភាគីចិនបន្តថា យោងតាមការផ្តល់ឯកសារបច្ចេកទេសរបស់ភាគីកម្ពុជា និងការស្រាវជ្រាវលើឯកសារ ភាគីចិនបានធ្វើការវាយតម្លៃសមាសភាពចង្រៃដែលកើតមានលើផ្លែមៀនកម្ពុជា និងជាបឋមបានជ្រើសរើសនូវសមាសភាពចង្រៃចំនួន៨ប្រភេទដែលភាគីចិនយកចិត្តទុកដាក់ដូចជា៖ ១. Bactrocera dorsalis, ២) Bactrocera tau. ៣) Paracoccus interceptus, ៤) Planococcus lilacinus, ៥) Planococcus minor, ៦) Dysmiscoccus lepelleyi, ៧) Dysmicoccus lepelleyi, ៨)Pseudococcus jackbeardsleyi ។

ទន្ទឹមនឹងនេះ ភាគីចិនបានស្នើឲ្យភាគីកម្ពុជាធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រាវ និងការដាក់ចេញវិធានការណ៍សម្រាប់ទប់ស្កាត់និងកម្ចាត់សមាសភាពសត្វចង្រៃទាំង៨មុខខាងលើនេះ។ ភាគីចិនបានសន្យាថានឹងបន្តធ្វើការវាយតម្លៃ នៅពេលភាគីកម្ពុជាឆ្លើយតបមកវិញ។

ជាចុងក្រោយនៃលិខិតឆ្លើយតបរបស់ភាគគីចិនបានបញ្ជាក់ថា៖ សង្ឃឹមថាភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញការងារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិនឲ្យទទួលបានជោគជ័យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង