Cct850x100 1
1800px x h300px kh

ក្រសួងព័ត៌មានសម្រេចបង្កើតគណៈកម្មការតាមដាន វាយតម្លៃលើក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ខៀវ កញ្ញារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន (រូបភាព៖ អង្គភាពអ្នកនាំពាក្យ)

ភ្នំពេញ៖ ក្រសួងព័ត៌មានសម្រេចបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលបានអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ គណៈកម្មការនេះបង្កើឡើង បន្ទាប់ពីមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ស្នើឱ្យរដ្ឋាភិបាលក្រុងភ្នំពេញបើកទូលាយសិទ្ធិសេរីភាពដល់សារព័ត៌មាន ដើម្បីបានបំពេញការងារតាមវិជ្ជាជីវៈ។

ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែសីហានេះ បានចេញលិខិតបង្គាប់ការមួយ ដោយបានជ្រើសតាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំនួន៣១រូប ឱ្យទទួលភារកិច្ចបម្រើការងារជាក្រុមជំនួយការរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អាចបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការ អនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។

ក្នុងនោះមាន ឯកឧត្តម វណ្ណថា វណ្ណរ័ត្ន ដើរតួនាទីជាប្រធាន រីឯអនុប្រធាន១៤រូបទៀតមានដូចជា ឯកឧត្តម សូ សុត្ថា, ឯកឧត្តម អ៊ុក កំពូល, ឯកឧត្តម ជួន ចាន់ភារុណ, ឯកឧត្តម ប៉ែត រស្មី និងផ្សេងៗទៀត។ ក្រៅពីនេះក៏មាន អនុប្រធានអចិន្រ្តៃយ៍, សមាជិក, សមាជិកា និងលេខាធិការ សរុបចំនួន១៦នាក់ទៀត។

ក្រសួងបន្តថា ប្រធាននាយកដ្ឋានដូចមានរាយនាមក្នុងចំណុច១ មានសិទ្ធិបង្កើតក្រុមការងារជំនាញក្នុងនាយកដ្ឋានតាមការចាំបាច់ ដើម្បីបំពេញបន្ថែមលើភារកិច្ចក្រុមជំនួយការ និងគណៈកម្មការ។ ក្រុមជំនួយការនេះមានរបៀបរបបការងារតាមការកំណត់សម្រេចរបស់ប្រធានក្រុម និងតាមការចាត់តាំងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ សីហានេះ ក្រសួងព័ត៌មានក៏បានបញ្ជាក់ដែរថា ការបង្កើតគណៈកម្មការនេះឡើង គឺដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ក្នុងការបំពេញការងារឲ្យបានត្រឹមត្រូវសំដៅលើកស្ទួយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់អ្នកសារព័ត៌មាន៕

Khcct banner

អត្ថបទទាក់ទង