Yearendyearend1140x150

កោះកុងរកឃើញ«កូវីដបំប្លែងខ្លួនថ្មី»ចំនួន២ករណីជាម្តាយ-កូនចេញពីខេត្តកណ្តាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេងកូន ខាងស្តាំម្តាយ។រូបភាព៖ រដ្ឋបាលខេត្តកោះកុង

កោះកុង៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី ២៤ សីហានេះ បានប្រកាសរកឃើញ«កូវីដបំប្លែងខ្លួនថ្មី»ចំនួន២ករណី លើម្តាយ-កូនដែលបានធ្វើដំណើរចេញពីផ្ទះជួលនៅភូមិ ត្រពាំងក្រសាំង ខេត្តកណ្តាល គោលបំណងមកស្រុកកំណើតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយម៉ូតូផ្ទាល់ខ្លួន។

របាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកោះកុង បានផ្តល់ជូនស៊ីស៊ីថាមស៍ថា លទ្ធផលវិភាគ Sequencing ពីវិទ្យាស្ថាន Paster កម្ពុជា បានបង្ហាញថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ខេត្តកោះកុងមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ Delta ចំនួន២ករណីជាម្តាយ-កូននិងគ្នា។

ម្តាយ-កូន២នាក់នេះ ស្នាក់នៅបន្ទប់ជួលជាមួយប្តី នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្រ្តីជាម្តាយ(នៅផ្ទះមើលថែកូន) និង ប្តីជាកម្មកររោងចក្រ។នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ពួកគាត់មានអាការៈ ក្តៅខ្លួន ឈឺបំពង់ក ហៀរសំបោរ និង រាក។នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ពួកគាត់ទាំង៣នាក់បានធ្វើដំណើរចេញពីផ្ទះជួលនៅក្នុងខេត្តកណ្តាលគោលបំណងមកស្រុកកំណើតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយម៉ូតូផ្ទាល់ខ្លួន។

ដោយសង្ស័យថាខ្លួនមានផ្ទុកវីរុសកូវីដ-១៩ ពួកគាត់បានចូលទៅធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ជាមុនសិន នៅវិទ្យាល័យស្រែអំបិល មុនពេលចូលទៅផ្ទះ។ក្រោយពិនិត្យសំណាករួចពួកគាត់ទាំង៣នាក់មានវិជ្ជមានកូវីដ-១៩។

ពួកគាត់ត្រូវបានអាជ្ញាធរខេត្តកោះកុង ដាក់សម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល វិទ្យាល័យស្រែអំបិល។ក្រោយពីរកឃើញថា មានផ្ទុកវីរុសDelta ក្រុមការងារបានកំណត់អ្នកប៉ះពាល់បានចំនួន៩នាក់ គឺអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ជាមួយគ្នា ក្នុងមណ្ឌលវិទ្យាល័យស្រែអំបិល។

បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ Delta ទាំង២នាក់នេះ បានផ្ទេរទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល(នៅបន្ទប់ដាច់ដោយឡែកពីគេ) និង អ្នកពាក់ព័ន្ធចំនួន៩នាក់ផ្សេងទៀតបានផ្ទេរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៤ សីហានេះ ខេត្តកោះកុងរឃើញអ្នកជំងឺកូវីដ-១៩ Delta ចំនួន៣នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង