Yearendyearend1140x150

ក្រសួងកសិកម្មកំពុងរិះរកវិធីសាស្រ្តដើម្បីនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិននិងថៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ផ្លែមៀន។ រូបភាព៖ សហការី

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យមុននឹងនាំចេញផ្លែមៀនខ្មែរទៅប្រទេសចិន និងថៃ។ការលើកឡើងនេះ ធ្វើឡើងក្រោយពីផ្លែមៀនកម្ពុជា កំពុងរាំងស្ទះគ្មានអ្នកបញ្ជាទិញ។

ក្រសួងកសិកម្ម បានអះអាងថា ការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធនឹងការលាងសម្អាត រម្ងាប់សមាសភាពចង្រៃនិងការវេចខ្ចប់ ដើម្បីធានាអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យដែលបានឯកភាពគ្នា គឺជាការងារបច្ចេកទេសដ៏សំខាន់មួយសម្រាប់កំណត់នូវភាពជោគជ័យទាំងក្នុងដំណាក់កាលចរចា ដែលរួមមានផងដែរនូវការចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់នៅក្នុងប្រទេសកម្ពុជា និងដំណាក់កាលនៃការនាំចេញជាក់ស្តែង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអំពាវនាវចំពោះអ្នកដែលមានបំណងវិនិយោគលើការនាំចេញផលិតផលផ្លែមៀនស្រស់ ឱ្យចូលរួមជាមួយក្រសួងក្នុងការជំរុញការនាំចេញផលិតផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធភាពធ្វើការវិនិយោគក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានទាន់ពេលវេលា និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញឱ្យបានជាអតិបរមាភ្លាមៗនៅក្រោយពេលមានការឯកភាពជាមួយប្រទេសនាំចូលលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។

គួររំលឹកថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង