Cct850x100 1
1800px x h300px kh

ឧកញ៉ា លឹម ហេង៖អ្នកវិនិយោគជួបការលំបាកក្នុងការធ្វើដំណើរមកកម្ពុជា ក្នុងបរិបទកូវីដ១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន​ ​សម្ជស្ស
/

លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ សព្វថ្ងៃនេះមានការប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកវិនិយោគបរទេសដែលបានប្រកបអាជីវកម្ម ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ដោយសារតែវិធានការសុខាភិបាលនៅតែបន្តរឹតបន្តឹងទាក់ទងនឹងការធ្វើចត្តាឡីស័ក ខណៈស្ថានភាពកូវីដ-១៩នៅប្រទេសកម្ពុជាមិនទាន់ធូរស្បើយនៅឡើយ។ នេះបើតាមការលើកឡើងរបស់លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោក ឧកញ៉ា លឹម ហេង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកថ្ងៃនេះថា បច្ចុប្បន្ននេះមានការប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកវិនិយោគដែលមកប្រទេសកម្ពុជា ខណៈវិធានការសុខាភិបាលនៅតែបន្តរឹតបន្តឹងដដែលដោយសារតែវត្តមានវីរុសកូវីដបំប្លែងខ្លួនថ្មីDelta។ ចំពោះអាជីវកម្ម និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ក៏ជួបផលប៉ះពាល់ដល់គម្រោងមួយចំនួន គឺថាត្រូវពន្យារពេលដោយសារម្ចាស់គម្រោងពិបាកធ្វើដំណើរ ហើយគម្រោងខ្លះទៀតត្រូវរាំងស្ទះនិងមានដំណើរការយឺតយ៉ាវ។

លោក ឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហានេះ ខាងសភាពាណិជ្ជកម្ម ដែលមានក្រុមការងារសហប្រធាន "គ" និងវិស័យឯកជន បានធ្វើការស្នើសុំឲ្យ ដល់រាជរដ្ឋាភិបាលកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ហើយនិងការបង់ប្រាក់កក់មុន ពាក់ព័ន្ធនឹងនិវេទនជនភ្ញៀវទេសចរណ៍បរទេស ក៏ដូចជាអ្នកវិនិយោគដែលមកប្រទេសកម្ពុជា ពិបាកក្នុងការមក ដែលតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ហើយដោយសារអ្នកវិនិយោគមកក្នុងរយៈពេលខ្លីត្រឹមតែ២-៣ថ្ងៃ ដែលមកស៊ីញេកិច្ចសន្យា ឬមកបំពេញឯកសារអ្វីផ្សេងៗ។

លោក ឧកញ៉ា លឹម ហេង បានបន្តថា បន្ទាប់ពីខាងសភាកម្ពុជាបានដាក់សំណើរហើយ រាជរដ្ឋាភិបាលក៏បានទទួលយកមកពិភាក្សាជាមួយក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អដល់អ្នកវិនិយោគធំៗដែលចាំបាច់ ថាតើត្រូវមានវិធានការសុខាភិបាលការពារ និងមានប្រសិទ្ធិភាពក្នុងរយៈពេលខ្លីហើយត្រូវការពារក្នុងពេលបំពេញការងារ និងជូនអ្នកវិនិយោគត្រឡប់ទៅវិញយ៉ាងបែបណានោះ។

ទន្ទឹមនេះ លោកឧកញ៉ាជឿជាក់ថា ទោះបីជាមានផលប៉ះពាល់ដល់ការធ្វើដំណើរ ឬការប្រកបរបរអាជីវកម្ម ពាណិជ្ជកម្មរបស់អ្នកវិនិយោគនៅប្រទេសកម្ពុជា គឺក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំយុទ្ធសាស្រ្តចាក់វ៉ាក់សាំងទូទាំងប្រទេស ប្រសិនបើចាក់រួចរាល់នៅខែវិច្ឆិកាតាមគម្រោងរបស់រាជរដ្ឋាភិបាល នោះកម្ពុជានឹងអាចងាយស្រួលអាចឲ្យវិនិយោគបរទេសមកបណ្តាក់ទុនជាមិនខាន៕



Khcct banner

អត្ថបទទាក់ទង