Cct850x100 1
1800px x h300px kh

កម្ពុជាផ្តើម«បើកទទួលពលករ»នៅថ្ងៃនេះ ក្រោយបម្រាមបិទខ្ទប់ខេត្តតាមព្រំដែនបញ្ចប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋខ្មែរវិលចូលកម្ពុជាវិញក្នុងខេត្តបន្ទាយមានជ័យ។

ភ្នំពេញ៖ ខេត្តនៅតាមព្រំដែននានា នៅថ្ងៃទី ១៣ សីហានេះ បានរៀបចំបើកទទួលយកពលករឡើងវិញហើយ។ការបើកនេះ ធ្វើឡើងក្រោយពីបម្រាមបិទខ្ទប់ខេត្តនៅតាមព្រំដែនចំនួន៨ បានបិទបញ្ចប់កាលពីថ្ងៃទី ១២ សីហា។តែយ៉ាងណា បើកទទួលឡើងវិញនេះ តាមខេត្តនីមួយការរឹតបន្ទឹងយ៉ាងយកចិត្តទុកដាក់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «ដែលតា»។

ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ ដឹងនាំដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាំកងកម្លាំងជួរមុខ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សម្រួលដល់ការយកសំណាកដល់ពលរដ្ឋដែលកក់ស្ទះនៅតាមព្រំដែនកម្ពុជា-ថៃ។ការយកសំណាកនិងពិនិត្យសុខភាពនេះ រៀបចំឡើងមុនសម្រេចបញ្ជូនពលរដ្ឋទៅតាមបណ្ឌលចត្តាឡីស័ករៀងៗខ្លួន តាមកំណត់របស់ខេត្ត។

យោងតាមរបាយការណ៍ ខេត្តបន្ទាយមានជ័យក្នុងក្នុងកំលុងពេលបិទខ្ទប់ព្រំដែនរយៈពេលពីរសប្តាហ៍កន្លងទៅនេះ កងកម្លាំងនៅព្រំដែនបានឃាត់ពលករ ឱ្យនៅសម្រាកបណ្តោះអាសន្ននៅព្រំដែន សរុបចំនួន ១៤៧នាក់ ប្រុស ៧៥នាក់ ស្រី ៧២នាក់ និងកុមា៤នាក់។

ចំណែកខេត្តកោះកុងវិញ ក៏បានចាប់ផ្តើមមើកទទួលពលរដ្ឋវិញផងដែរ តែខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមួយនេះ មិនសូវមានចំនួនពលរដ្ឋសម្រុកចូលមកច្រើននោះទេ ដោយក្នុង១ថ្ងៃមានប្រហែល៥ទៅ៦នាក់។នេះបើតាមប្រសាសន៍លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

ក្រៅពីខេត្តខាងលើខេត្តមួយចំនួនផ្សេងទៀតនៅជាប់ព្រំដែនកម្ពុជា-ថៃ ក៏បានរៀបចំត្រៀមទទួលពលករខ្មែរវិលមកពីប្រទេសថៃផងដែរដោយអនុវត្តនូវវិធានការសុខាភិបាល និងសារាចរណែនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ដើម្បីបើកទទួលពលរដ្ឋខ្មែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា រដ្ឋាភិបាលកម្ពុជាបានសម្រេច​បិទខ្ទប់​ខេត្តចំនួន៨​ ដែលរួមមាន​ ខេត្ត​កោះកុង​ ពោធិ៍សាត់​ បាត់​ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ ឧត្តរ​មានជ័យ​ ព្រះវិហារ​ និង​ខេត្ត​សៀម​រាបរយៈពេល១៤​ថ្ងៃចាប់ពីថ្ងៃទី២៩​ កក្កដារហូត​ដល់ថ្ងៃទី១២​ សីហា ឆ្នាំ២០២១។​ ការសម្រេច​បិទខ្ទប់​ជាបន្ទាន់នេះ​ គឺដើម្បី​ទប់ស្កាត់​ការនាំចូល​មេរោគ​កូវីដ១៩​បំប្លែងថ្មី​ឈ្មោះដែលតា​ចូលទៅ​ក្នុងសហគមន៍​។ ក្រៅពីខេត្តទាំង៨នេះ រដ្ឋាភិបាលកម្ពុជាក៏បានតម្រូវឱ្យមានបិទព្រំដែនជាមួយនឹងប្រទេសថៃជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃផងដែរ ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩ពីប្រទេសថៃ៕

Khcct banner

អត្ថបទទាក់ទង