Yearendyearend1140x150

ជីកសិកម្មឡើងថ្លៃដោយសារខ្វះវត្ថុធាតុដើមពីប្រទេសផលិតធំៗ និង កកស្ទះការដឹកជញ្ជូន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបភាព៖ ក្រសួងកសិកម្ម)

ភ្នំពេញ៖ វិស័យកសិកម្មនៅកម្ពុជា មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២១ ប៉ុន្តែការផ្គត់ផ្គង់វត្ថុធាតុដើមនៃការផលិតជីកសិកម្មពីប្រទេសផលិតធំៗមានការខ្វះខាត ជាហេតុធ្វើឱ្យតម្លៃជីកសិកម្មនៅកម្ពុជាបច្ចុប្បន្នមានតម្លៃថ្លៃ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា វិស័យកសិកម្មកម្ពុជាសម្រាប់ឆ្នាំ២០២១ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ រីឯតម្រូវការថ្នាំកសិកម្ម និងជីកសិកម្មដ៏មានសន្ទុះកើនឡើងផងដែរ ដោយក្នុងឆ្នាំ២០២០ មានក្រុមហ៊ុននាំចូលថ្នាំកសិកម្ម និងជីកសិកម្ម យោងតាមលិខិតអនុញ្ញាតនាំចូលមាន៖ ថ្នាំកសិកម្ម ចំនួន ១០៣ ០០៥ តោន និង ជីកសិកម្មចំនួន ១ ៤០៦ ៧៧៥ តោន។

ដោយឡែកក្នុងឆ្នាំ២០២១នេះ គិតត្រឹមខែឧសភា ក្រសួងបានពិនិត្យឃើញថា ការនាំចូលថ្នាំកសិកម្ម មានចំនួន ៤៧ ៤០៩ តោន និងជីកសិកម្មចំនួន ៨៥៨ ៦៣២ តោន។ ទន្ទឹមនឹងនេះ តម្លៃជីកសិកម្ម ក៏មានតម្លៃថ្លៃជាងកាលពីឆ្នាំកន្លងទៅដែរ ដោយផ្តើមចេញពីមូលហេតុសំខាន់ៗមួយចំនួន។

បើតាមក្រសួងកសិកម្ម មូលហេតុដែលនាំឱ្យឡើងថ្លៃ ដោយសារតែនៅបណ្តាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មិនអាចផលិតឆ្លើយតបបានតាមការបញ្ជាទិញពីប្រទេសកម្ពុជា ហើយការដឹកជញ្ជូនប្រើពេលវេលាយូរដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩ (មានការប្រុងប្រយ័ត្នទៅលើផ្នែកសុខភាព និងត្រួតពិនិត្យតាមវិធានសុខាភិបាល)។

ក្រៅពីនេះ ក៏មានការបញ្ជាទិញពីប្រទេសកម្ពុជានៅបណ្តាប្រទេសផ្សេងៗក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ រីឯការចំណាយលើការរៀបចំវេចខ្ចប់ក៏ថ្លៃ ព្រោះត្រូវវេចខ្ចប់ឡើងវិញដោយបោះពុម្ពភាសាខ្មែរ។

ម្យ៉ាងវិញទៀត វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗមានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់ ហើយផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយកម្លាំងពលកម្មដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅ ក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង