Yearendyearend1140x150

អាមេរិកផ្តល់ជំនួយបន្ទាន់ចំនួន៤លានដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា w. Patrick Murphy 

ភ្នំពេញ៖តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃទី ៩ សីហានេះ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទេសកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

បើតាមទូតអាមេរិក ជំនួយនេះ នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេស ដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១០៦០១០០ដូស ដែលត្រូវបានផ្តល់តាមរយៈយន្តការកូវាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដែលត្រូវ ចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បី លើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា w. Patrick Murphy បានមានប្រសាសន៍ ថា៖ “ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មាន សារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្តល់ការគាំទ្រ នេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ ”។

បើតាមស្ថានទូតអាមេរិកជំនួយបន្ថែមនេះ គឺជាការបន្ថែមលើជំនួយចំនួន ជាង ១១ លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើង ជាលើកដំបូង។ ការគាំទ្រនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយមានជាសម្ភារៈលើក កម្ពស់ការយល់ដឹងពីហានិភ័យតាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គមវិទ្យសារតាមទូរស័ព្ទដៃ និង ផ្ទាំងផ្តល់ព័ត៌មាន។ ការគាំទ្រនេះថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ ពង្រឹង ជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយបានជួយបន្ធូរបន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចពីមេរោគ រាតត្បាតនេះ។

សូមបញ្ជាក់ថា អាមេរិកបានសម្រេចផ្តល់វ៉ាក់សាំង Johnson & Johnson តាមរយៈយន្តការCOVAXដល់កម្ពុជាចំនួនជាង១លានដូស។ នៅថ្ងៃទី៣០ ខែកក្កដានេះ វ៉ាក់សាំងនេះចំនួន៤៥ម៉ឺន៥ពាន់ដូសបានមកដល់ប្រទេសកម្ពុជាសម្រាប់ជើងទី១ ហើយជើងទី២ នឹងមកដល់ថ្ងៃទី០២ ខែសីហា ដើមសប្តាហ៍ក្រោយ។ វ៉ាក់សាំងអាមេរិកJohnson & Johnson​ គឺជាវ៉ាក់សាំងទី៣ហើយដែលបានមកដល់ដៃកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង