Yearendyearend1140x150

អ្នកជំនាញ៖ពលរដ្ឋខ្មែរមួយចំនួនកំពុងប្រទះ«បញ្ហាផ្លូវចិត្ត»ដោយសារកូវីដ-១៩

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកបណ្ឌិត ឈុត ប៊ុនថង ប្រធានផ្នែកទំនាន់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ភ្នំពេញ៖ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។គិតត្រឹមថ្ងៃទី ៩ សីហានេះ ចំនួនករណីជំងឺកូវីដ-១៩សរុប ៨២៣៩៩នាក់ ជាសះស្បើយសរុប ៧៦១៥៥នាក់ និងស្លាប់ ១៥៨៥នាក់។ការវាយប្រហារដោយកូវីដនៅកម្ពុជាជិត២ឆ្នាំមកនេះ បានញ៉ំាញីដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរទាំងសេដ្ឋកិច្ច សង្គម និងអ្វីដែលគេមិនសូវចាប់អារម្មណ៍ គឺបញ្ហាផ្លូវចិត្ត។ភាពដ៏តានតឹង និងការអូសបន្លាយនៃជំងឺកូវីដ១៩នេះ បានធ្វើឱ្យពលរដ្ឋកម្ពុជាជួបប្រទះនឹងវិបត្តិផ្លូវចិត្ត។

លោកបណ្ឌិត ឈុត ប៊ុនថង សាស្ត្រាចារ្យទស្សនាវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថា សង្គមកម្ពុជាបច្ចុប្បន្នបញ្ហាផ្លូវចិត្តមិនសូវជាមានការយកចិត្តទុកដាក់ឱ្យស៊ីជម្រៅនោះទេ ពោលបើធៀបនឹងជំងឺផ្សេងៗទូទៅ ត្រូវបានគេមើលរំលង។ជាក់ស្ដែងកម្ពុជាកំពុងរងឥទ្ធិពលនៃជំងឺកូវីដ បានធ្វើឱ្យពលរដ្ឋជួបប្រទះនឹងជំងឺផ្លូវចិត្ត។

បើតាមលោកបណ្ឌិត ឈុត ប៊ុនថង វិបត្តិផ្លូវចិត្តនេះ កើតឡើងដោយសារតែក្នុងកំឡុងកូវីដពលរដ្ឋជាច្រើនបានបាត់បង់ការងារ បាត់បង់សាច់ញាតិ បាត់បង់ចំណូល មិនអាចរកស៊ីលក់ដូរបាន អ្នកប្រកបរបរតូចតាចត្រូវបាត់បង់ចំណូលទាំងស្រុង ពិសេសអ្នកធ្លាប់វិជ្ជមានកូវីដតែម្ដង។

លោកថ្លែងថា៖ «បើយោងទៅលើលខ័ណ្ឌធម្មតា យើងមិនទាន់និយាយទៅដល់បញ្ហាកូវីដប្រជាជនខ្មែរយើងគឺមានបញ្ហាផ្លូវចិត្តស្រាប់ទៅហើយ ដោយសារតែកម្ពុជាធ្លាប់រស់ក្នុងរបរកម្ពុជាប្រជាធិបតេយ្យ។ចំពោះបញ្ហាក្នុងជីវិតសព្វថ្ងៃបុគ្គលខ្វះក៏ប្រទះនឹងបញ្ហាផ្លូវចិត្តទៅហើយ ចុះទម្រំាតែកម្ពុជារងផលប៉ះពាល់ដោយសារជំងឺកូវីដទៀត រឿងអីដែលពលរដ្ឋមិនទទួលរងឥទ្ធិពលនៃជំងឺផ្លូវចិត្ត»។

លោកបណ្ឌិតពន្យល់ទៀត មូលហេតុដែលពលរដ្ឋខ្លះមានបញ្ហាផ្លូវចិត្តកម្រិតធ្ងន់ ដោយសារតែបុគ្គលហ្នឹងធ្លាប់មានបញ្ហាផ្លូវចិត្តពីមុនមក ឬក៏ជាមនុស្សងាយទទួលរងការវាយប្រហារដោយសារតែផលប៉ះពាល់នៃកូវីដ១៩។បុគ្គលនោះមិនមែនជាអ្នកខ្វះខាតខាងហិរញ្ញវត្ថុតែអាចនៅទប់ទល់ក្នុងការរស់នៅក្នុងស្ថានភាពបែបនេះបាន អាចថាជារបៀបនៃការការពារ ការទទួលយកការពិតនៃតថភាពសង្គម ឬការដែលបុគ្គលនោះចេះសម្របខ្លួនរស់ក្នុងគន្លងថ្មី ដូច្នេះបុគ្គលនោះអាចកាត់បន្ថយការប៉ះពាល់នៃផ្លូវចិត្តបានច្រើន ដូច្នេះអ្នកមានបញ្ហាផ្លូវចិត្តស្រាលអាចត្រឹមតែរងសម្ពាធបន្តិចបន្តូច មិនដល់ថ្នាក់ធ្ងន់ធ្ងរទេ។

តាមការសង្កេតរបស់លោកបណ្ឌិតផ្ទាល់ ឥទ្ធិពលនៃជំងឺកូវីដពិតជាបានធ្វើឱ្យពលរដ្ឋកម្ពុជាមួយចំនួនរងនូវបញ្ហាផ្លូវចិត្តទៅតាមកម្រិតនិងស្ថានភាពជាក់ស្ដែងពិតមែន។ ដោយសារប្រជាពលរដ្ឋភ័យតក់ស្លុត រហូតមានអារម្មណ៍ខ្លាចទើបធ្វើឱ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ពេលខ្លះទៀតការទទួលព័ត៌មានទាក់ទងនឹងបញ្ហាកូវីដ១៩ មិនថាក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេស ដែលប្រជាជនទទួលបានក៏ជាជាកត្តាវាយប្រហារផ្លូវចិត្ត ធ្វើឱ្យការគិតការបារម្ភកាន់តែច្រើន។

កត្តាមួយទៀតគឺ ពេលដែលមានកូវីដ១៩វាយប្រហារ ប្រជាជនមួយភាគធំបានបាត់បង់ការងារ មិនថាអ្នកជំនួញ អ្នកធ្វើការទូទៅ អ្នករកស៊ីលក់ដូរតូចតាចក្ដី គឺបាត់បង់ចំណូល មិនអាចបើកអាជីវកម្មបាន កាលណាបាត់បង់បាត់បង់ការងារគឺបាត់បង់ចំណូល បាត់ចំណូលគឺប៉ះពាល់ដល់ជីវភាព តម្រូវការផ្សេងៗ ទាំងអស់នឹងសុទ្ធតែជាធាតុផ្សំដែលយុំាងឱ្យពលរដ្ឋរងនូវបញ្ហាផ្លូវចិត្ត។

កត្តាមួយទៀតនោះ នៅពេលដែលមានការឆ្លងរីករាលដាល គឺមានការបិទខ្ទប់ដោយអន្លើទៅតាមតំបន់នានា មានការហាមការធ្វើដំណើរ បិទកន្លែងកម្សាន្ត និងរមនីយដ្ឋាននានា ដូច្នេះមនុស្សមួយចំនួនធំមិនបានដើរហើរដូចធម្មតា មិនបានជួបប្រាស្រ័យទាក់ទងគ្នាដូចកាលពីមុន។ ដូច្នេះយោងតាមហេតុផលទាំងនេះទោះបីគ្មានទួរលេខពិតប្រាកដ លោកបណ្ឌិតសនិដ្ឋានថា ពលរដ្ឋកម្ពុជាពិតជាទទួលផលប៉ះពាល់ផ្លូវចិត្តទៅតាមកម្រិតស្រាលឬធ្ងន់ពិតមែន។

លោករំពឹងថា អ្នករងបញ្ហាផ្លូវចិត្តក្រោមឥទ្ធិពលកូវីដ១៩នឹងទទួលបានការយកចិត្តទុកដាក់ពីមនុស្សជុំវិញ ក្រុមគ្រួសារ សង្គម ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីអាចជាពន្លឺសម្រាប់ជួយអ្នករងសម្ពាធទាំងនោះ។ទន្ទឹមនឹងនេះ ដើម្បីរារាំងឬបញ្ចៀសបញ្ហាផ្លូវចិត្តក្នុងកំឡុងពេលកូវីដនេះ ទីមួយប្រជាពលរដ្ឋត្រូវទទួលវ៉ាក់សាំងដើម្បីការពារខ្លួន ដើម្បីកាត់បន្ថយការតក់ស្លុត ការភ័យខ្លាច ត្រូវសម្របខ្លួនដើម្បីរស់នៅក្នុងគន្លងថ្មី ត្រូវទទួលស្គាល់ការពិត និងស្វែងរកជំនួយបន្ទាន់។

រឿងមួយទៀតដែលគួរយកចិត្តទុកដាក់បំផុតនោះ រដ្ឋាភិបាលគួរបង្កើតគម្រោងសិក្សារពីផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់អ្នកមានបញ្ហាផ្លូវចិត្តដោយសារតែបញ្ហាកូវីដ១៩ ព្រោះជួយមនុស្សមិនមែនជួយត្រឹមតែខាងអាហារ នោះទេ ពោលគឺត្រូវជួយផ្នែកស្មារតី ផ្នែកអារម្មណ៍បន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង