Yearendyearend1140x150
Img 0571

រដ្ឋបាលខេត្តព្រះសីហនុគ្រោងនឹងរៀបចំបុណ្យសមុទ្រចុងឆ្នាំនេះបើគ្មានការរំខានពីកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថីតេជោ តំបន់ពយតាមូង (រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)

ខេត្តព្រះសីហនុ៖ ប្រសិនបើគ្មានការរំខានពីជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នៅដំណាច់ឆ្នាំខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថីតេជោ តភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាន៍ថា នៅដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រមានសោភ័ណភាព និងបរិស្ថានស្អាត រដ្ឋបាលខេត្តបាននិងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បីរៀបចំប្រារព្ធពិធី ជាពិសេសជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាពេលខាងមុខ។

ឯកឧត្តម ក៏បានណែនាំឱ្យក្រុមការងារត្រូវពន្លឿនការរៀបចំប្រកបដោយគុណភាព និងសោភ័ណភាព ដោយត្រូវធ្វើយ៉ាងណាឱ្យបានរួចរាល់ មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង