Yearendyearend1140x150

លោកស្រី នូ សាវី ចាប់មុខរបរជា«អ្នកលក់ចេកចៀន»ក្រោយរោងចក្របិទទ្វារ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកស្រី នូ សាវី មានអាយុ៣៩ ឆ្នាំ បច្ចុប្បន្នបងស្រីប្រកបរបរជាអ្នកលក់ចេកចៀននៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀននស្វាយ ខេត្តកណ្តាល។ 

កណ្តាល៖ លោកស្រី នូ សាវី មានអាយុ៣៩ ឆ្នាំ បច្ចុប្បន្នបងស្រីប្រកបរបរជាអ្នកលក់ចេកចៀននៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀននស្វាយ ខេត្តកណ្តាល។ មូលហេតុដែលបងស្រីចាប់យកអាជីពជាអ្នកលក់ចេកចៀននេះ ព្រោះកាលពីមុនបងស្រីជាកម្មការិនីរោងចក្រកាត់ដេរនៅក្នុងរាជធានីភ្នំពេញ ដែលកាលនោះបងស្រីធ្វើការបានតែ៤០ដុល្លារក្នុងមួយខែ។ ប៉ុន្តែក្រោយមកដោយសារតែរោងចក្រនោះបានក្ស័យធន ហើយបានធ្វើឲ្យបងស្រីបាត់បង់ការងារធ្វើ។ គ្រានោះបងស្រីក៏សម្រេចចិត្តមកចាប់អាជីពជាអ្នកលក់ចេកចៀននៅក្នុងភូមិកំណើតរបស់ខ្លួន។

បងស្រី នូ សាវី បានថ្លែងប្រាប់ក្រុមការងារស៊ីស៊ីថាមស៍ថា គិតមកដល់ពេលបច្ចុប្បន្ននេះ បងស្រីប្រកបរបរជាអ្នកលក់ចេកចៀនអស់រយៈពេល៧ឆ្នាំមកហើយ។ អាជីពជាអ្នកលក់ចេកចៀននេះគឺបងស្រីចេះតាមបងប្អូនដែលធ្លាប់លក់កន្លងមក។ កាលដើមឡើយបងស្រីជាកម្មការិនីរោងចក្រកាត់ដេរនៅក្នុងរាជធានីភ្នំពេញ ដែលកាលនោះបងស្រីធ្វើការបានតែ៤០ដុល្លារក្នុងមួយខែ។ ក្រោយមកទាំងថែមម៉ោងទាំងវេនយប់ទៀតបានខ្ទង់២០០ដុល្លារ តែបន្ទាប់មករោងចក្រត្រូវបានបិទទ្វារ ក្ស័យធន ធ្វើឲ្យបងស្រីគ្មានការងារធ្វើ គ្មានប្រាក់ចំណូលក្នុងគ្រួសារ ដូច្នេះក៏សម្រេចចិត្តវិលត្រលប់មកចាប់អាជីពជាអ្នកលក់ចេកចៀន។

បងស្រី នូ សាវី បានបន្ថែមថា ដំបូងចេកចៀនបងស្រីលក់មួយតម្លៃតែ៥០០រៀល តែក្រោយមករយៈពេល៧ឆ្នាំមកដល់បច្ចុប្បន្នគឺឡើងថ្លៃត្រឹមតែ៧០០រៀល ខណៈតម្លៃជាមធ្យមដែលអ្នកលក់ចេកចៀនផ្សេងនៅក្នុងតំបន់នោះលក់តម្លៃ១០០០រៀលក្នុងមួយចេកចៀន។ អ្វីដែលពិសេស បងស្រីលក់ចេកចៀនដាច់ខ្លាំង ព្រោះតែមានរសជាតិឆ្ងាញ់ និងមានតម្លៃធូរថ្លៃ។ ចំណែកចេកដែលបងស្រីយកមកធ្វើចេកចៀនគឺប្រមូលទិញពីពលរដ្ឋដែលដាំនៅតាមភូមិ។ គោលការណ៍របស់បងស្រីមិនទិញចេកមកពីផ្សារទេ គឺសុខចិត្តទិញចេកដែលនៅភូមិ ដោយមានចេកតិចលក់តិច មានចេកច្រើនលក់ច្រើន។

បន្ថែមនេះ បងស្រី នូ សាវី បានថ្លែងថា ក្នុងមួយថ្ងៃបងស្រីលក់ចេកជិត៣ស្ទង ដោយក្នុងមួយស្ទង់មានចេកប្រហែល១០ស្និត។ បងស្រីលក់ចេកចៀនដាច់ពិតមែន ប៉ុន្តែលក់យកចំណេញប្រាក់តិច ដោយសារតែមានអ្នកមកទិញច្រើន ដូច្នេះបងស្រីចង់រក្សាអតិថិជន។ ចំពោះចំណូលដុលបងស្រីចំណេញដកថ្លៃចំណាយដើម បងស្រីចំណេញប្រហែល ៣-៤ ម៉ឺនរៀលក្នុងមួយថ្ងៃតែប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង