Yearendyearend1140x150
Img 0571

កម្ពុជាបង្រ្កាបបទល្មើសធនធានធម្មជាតិបានជាង៤ពាន់ករណីក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
មន្ត្រីឧទ្យានុរក្សាស្ត្រី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ (រូបភាព៖ ក្រសួងបរិស្ថាន)

ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សកម្ពុជាបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤,២៣៨ករណីក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ និងរឹបអូសវត្ថុតាងបានមួយចំនួនដូចជា ឈើ រណាយន្ត រយយន្ត ម៉ូតូ គោយន្ត កាំភ្លើងកែច្នៃជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាននៅថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២១។

យោងតាមរបាយការណ៍ មន្រ្តីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សរុបចំនួន ១៤,៤២២លើក ក្នុងនោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤,២៣៨ករណី ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ ចាប់ពីខែមករា ដល់ខែមិថុនា។

របាយការណ៍បន្ថែមថា មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ២,៤៦២គ្រឿង ដកហូតរថយន្តចំនួន ១៨២គ្រឿង គោយន្តចំនួន ៣០៨គ្រឿង ម៉ូតូចំនួន ៣៣៦គ្រឿង ត្រាក់ទ័រចំនួន ២៤គ្រឿង ឈើចំនួន ១,២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិបានចំនួន ២៥,៥៩៦អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ដើម។

ទន្ទេមនឹងនេះ ក្រសួងបរិស្ថានបានលើកទឹកចិត្តស្ត្រីចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។ បច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សាស្ត្រីចំនួន ៤២នាក់ ស្ថិតក្នុងចំណោមន្ត្រីឧទ្យានុរក្សសរុប ១២០០នាក់ ដែលក្រសួងបរិស្ថានបានដាក់ពង្រាយតាមតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៥ មានទំហំប្រមាណ ៧,៣លានស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ២១ ក្នុងប្រទេសកម្ពុជា និងកំពុងបំពេញតួនាទីដូចនឹងឧទ្យានុរក្សបុរសដែរ។

បើទោះបីជាការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។

មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ក្រៅពីបំពេញតួនាទីជាឆ្មាំព្រៃការពារទីជម្រក ប្រភពចំណី និងទឹកសម្រាប់សត្វព្រៃ មន្ត្រីឧទ្យានុរក្សក៏បានចូលរួមក្នុងការសិក្សាចងក្រងទិន្នន័យអំពីជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិជាមួយមន្ត្រីជំនាញពីសត្វព្រៃផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង