Yearendyearend1140x150

ពហុកីឡដ្ឋានជាតិថ្មី«មរតកតេជោ»សម្រេចសាងសង់ជាស្ថាពរនៅខែសីហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ពហុកីឡដ្ឋានជាតិថ្មី«មរតកតេជោ»។
រូបភាព៖ CAMSOC

ភ្នំពេញ៖ ការសាងសង់កីឡដ្ឋានធំ (Main Stadium) នឹងបញ្ចប់ការសាងសង់សម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់តាមប្រព័ន្ធអនឡាញរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២។

ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងថាកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ បានសម្រេចចេញជារូបរាងពេញលក្ខណៈហើយ នៅសល់តែផ្នែកមួយចំនួនប៉ុណ្ណោះនៅសេសសល់ ដោយរំពឹងថានឹងបញ្ចប់ទាំងស្រុងនាខែសីហា។

ឯកឧត្តមមានប្រសាសន៍ថា៖ «មកដល់ពេលនេះ សំណង់នេះបានលេចចេញជាសមិទ្ធផលពេញគ្រប់លក្ខណៈសម្បត្តិទាំងអស់ មានន័យថា កាលពីពេលមុន យើងនៅសេសសល់ការបំពាក់កៅអីខ្លះៗ ទីលានរត់អត្តពលកម្ម និងទីលានបាល់ទាត់ ប៉ុន្តែឥឡូវនេះគឺធ្វើរួចរាល់ទាំងស្រុងហើយ»។

ចំពោះអាងទឹក ជុំវិញវិមានកីឡដ្ឋាន ដែលជាតំណាងកស្សិណអង្គរក៏បានដាក់បង្ហូរទឹកបំពេញអាង និងប្រព័ន្ធភ្លើង អំពូល ភ្លើងបំភ្លឺអាង រួមទាំងប្រព័ន្ធសំឡេង (Sound System) នៅផ្នែកខាងក្នុង ក៏បានបំពាក់រូចរាល់ដូចគ្នាផងដែរ។ ដូច្នេះ គ្រប់ការសាងសង់ ការបំពាក់ឧបករណ៍ រួមទាំងការងារផ្សេងទៀត សម្រាប់កីឡដ្ឋានធំនេះ ត្រូវបានធ្វើរួចរាល់ជាស្ថាពរ។

ចំពោះផ្នែកដែលនៅសល់គឺការរៀបចំតុបតែង នៅផ្នែកទីធ្លាខាងក្រៅរួមទាំងការបោសសម្អាតបន្តិចបន្តួចប៉ុណ្ណោះ។ ជារួម គឺក្រុមហ៊ុនសាងសង់បានបើកភ្លើងបំភ្លឺសាកល្បង ដោយត្រូវប្រើប្រាស់ ថាមពលអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ដែរថា ក្រោយពីបញ្ចប់ការសាងសង់ គឺត្រូវបន្តការថែទាំ បន្ទាប់ពីក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូនដល់ CAMSOC។ សម្រាប់ការថែទាំនេះកម្ពុជាកំពុងស្នើសុំការផ្តល់ធនធានមនុស្ស អ្នកបច្ចេកទេស សន្តិសុខ សណ្តាប់ធ្លាប់ អនាម័យ ដើម្បីបន្តការថែទាំវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាមរតកដ៏ធំមហាសាលរបស់កម្ពុជា សម្រាប់ការទាក់ទាញ និងក្លាយជានិមិត្តរូបថ្មីនៃព្រះរាជាណាចក្រកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង