Yearendyearend1140x150

ក្រសួងប្រៃសណីយ៍ចាត់វិធានការលើក្រុមហ៊ុនស្មាត លួចផ្ដាច់លេខទូរសព្ទអតិថិជន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

រូបភាព៖  ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍បានរកឃើញថាក្រុមហ៊ុនស្មាត (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធី ដោយលួចផ្ដាច់លេខទូរសព្ទរបស់អតិថិជនដែលកំពុងប្រើទៅលក់បន្តដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។

ទាក់ទងនឹងបញ្ហានេះ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងចាត់វិធានការលើក្រុមហ៊ុន ស្មាត ក្នុងលក្ខខណ្ឌចំនួន៤គឺ ទី១) ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួននិងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។

ទី២) ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្តខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់។

ទី៣)ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរសព្ទនោះមកប្រើប្រាស់វិញ។ និងទី៤) រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានរំលឹកដល់ប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹង បំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តណា ដែលបាន ប្រព្រឹត្តខុស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង