Yearendyearend1140x150
Img 0571

អាជ្ញាធររឹបអូស«ឧបករណ៍តេស្ត»៤.២៥០គ្រឿង ក្រោយទិញពីក្រសួងប្រៃសណីយ៍លួចលក់បន្ត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទីតាំងដែលរឹបអូស។រូបភាព៖ក្រសួង​ប្រៃសណីយ៍ ​

ភ្នំពេញ៖ ក្រសួង​ប្រៃសណីយ៍ ​បានចុះទៅទីតាំងចំនួន ៥ រឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី ២១ កក្កដា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអះអាងថា ការយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

បើតាមក្រសួងប្រៃសណីយ៍ ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ហើយធ្វើការចែកចាយបន្តពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានសង្កត់ធ្ងន់ថា ក្រសួងនឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធានការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាសទាំងនោះ នៅបង្កបញ្ហា និងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង