Cct850x100 1
1800px x h300px kh

ក្រសួងបរិស្ថាន ត្រៀមដាក់បឹងព្រែកល្ពៅជា«តំបន់រ៉ាមសារ»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបថតពីលើអាកាស នៃបឹងព្រែកល្ពៅ។
រូបភាព៖​ក្រសួងបរិស្ថាន 

ភ្នំពេញ៖ ក្រសួងបរិស្ថានរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ ដោយសារតែបានផ្តល់ធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ។

ក្រសួងបរិស្ថានបរិស្ថាន បាននឹងកំពុងរៀបចំដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវជា«តំបន់រ៉ាមសារ»ដោយសារតែភាពសំខាន់នៃតំបន់នេះដែលបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។

បើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។

ឯកឧត្តមបន្តថា បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦។ តំបន់រ៉ាមសារទាំង ៥ របស់កម្ពុជារួមមាន តំបន់រ៉ាមសារស្ទឹង ត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងរំពឹងថាការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅនឹងធ្វើឡើងក្នុងពេលវេលាសមស្របខាងមុខនេះ។

ចំណែកលោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថានបានថ្លែងថា ប្រទេសកម្ពុជាបានអនុម័តយល់ព្រមលើអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩៩។

ទន្ទឹមនឹងនេះ អនុសញ្ញារ៉ាមសារធ្វើការលើសសរស្តម្ភចំនួន ៣ សំខាន់គឺ ១)ការប្រើប្រាស់តំបន់ ដីសើមប្រកបដោយភាពឈ្លាតវៃ ២)កំណត់និងបង្កើតតំបន់ដីសើមជាលក្ខណៈអន្តរជាតិ និង ៣)កិច្ចសហការអន្តរជាតិ។

បច្ចុប្បន្ននេះ តំបន់ដីសើមដែលត្រូវបានដាក់បញ្ចូល ជាតំបន់រ៉ាមសារមានចំនួន ២៤២៤ នៅលើពិភពលោក គ្របដណ្តប់លើផ្ទៃដីចំនួន ២៥លានហិកតា ដែលក្នុងនោះកម្ពុជាមានចំនួន ៥ កន្លែងសរុបមានផ្ទៃដីទំហំ ៤២.២៥៧ ហិកតា៕

Khcct banner

អត្ថបទទាក់ទង