Cct850x100 1

ជំនួយថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនវៀតណាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រទេសកម្ពុជា​បាន​ប្រកាសថា​ខ្លួន​បាន​ផ្តល់ជំនួយ​ជាថវិកា​សរុប​៣៥ម៉ឺនដុល្លារ និង​សម្ភារៈ​ការពារកូវី១៩​រួមមានម៉ាស និងម៉ាស៊ីន​ផលិតអុកស៊ីសែន​ ទៅ​ដល់​ប្រទេស​វៀតណាម ខណៈប្រទេស​ជិតខាង​មួយ​នេះ​កំពុងតែ​ផ្ទុះឡើង​កូវីដ១៩​តាមពីក្រោយកម្ពុជា។​នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជំនួយ​របស់​កម្ពុជាដែល​ផ្តល់ទៅឲ្យ​ប្រទេសវៀតណាមនៅពេលនេះ គឺមានថវិកា​២០​ម៉ឺ​នដុល្លារ និងម៉ាសធម្មតាជាង១លានបន្ទះ និងម៉ាស N95 ចំនួន១សែនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ​ដែលជាអំណោយរបស់រដ្ឋាភិបាលកម្ពុជា ខណៈកាកបាទក្រហមកម្ពុជាបានបន្ថែមនូវទឹក​ប្រាក់ចំនួន១០ម៉ឺនដុល្លារទៀត​។

បើតាមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ការសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម គឺដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះ សមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលមានលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានក៏បាន​ផ្តល់ជាថវិកាចំនួន៥ម៉ឺនដុល្លារដល់ប្រទេសវៀតណាមផងដែរ តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា​។ចំណែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង