Yearendyearend1140x150
Img 0571

ជនមុខសញ្ញាគ្រឿងញៀនចំនួន១៨នាក់«បន្លំខ្លួនជាព្រះសង្ឃ»ដើរបិណ្ឌបាត្របោកពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនសង្ស័យទាំង១០នាក់ (រូបភាព៖ ខណ្ឌកំបូល)

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចាប់ខ្លួនជនសង្ស័យចំនួន១៨នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្របោកប្រាស់ប្រជាពលរដ្ឋ រាជធានីភ្នំពេញ។ជនសង្ស័យទាំងអស់នោះ ដែលក្នុងនោះមានមួយចំនួនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។

យោងតាមរបាយការណ៍ ជនសង្ស័យ១០នាក់ ក្នុងនោះគ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀត ជាអ្នកបើករថយន្តត្រូវបានចាប់ខ្លួន ខណៈកំពុងបើករថយន្តម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះ ពីគោលដៅមួយចំនួនក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះ អាជ្ញាធរក៏បានបន្តចាប់ខ្លួនបក្ខពួកជនសង្ស័យក្លែងភេទជាព្រះសង្ឃ០៨នាក់ទៀត។ក្រោយចាប់ខ្លួនជនសង្ស័យជាសង្ឃក្លែងក្លាយ ត្រូវបានព្រះអនុគុណខណ្ឌកំបូល ចាប់ផ្សឹកពួកគេហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរទៅសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។ក្នុងចំណោមជនសង្ស័យទាំងនេះ មាន០៧នាក់ បានធ្វើតេស្តរកឃើញមានផ្ទុកសារធាតុញៀន។

បើតាមចម្លើយសារភាព ពួកគេធ្វើសកម្មភាពក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់ ដោយក្នុងមួយថ្ងៃពួកគេរៃអង្គាសប្រាក់ បានពី៨ម៉ឺន ទៅ១០ម៉ឺនរៀល។បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង