Yearendyearend1140x150

ក្នុង១ថ្ងៃ«ប្រាសាទអង្គរវត្ត»ទទួលបានភ្ញៀវទេសចរជាង៣០០នាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រាសាទអង្គរវត្ត (រូបភាព៖ យអាជ្ញាធរជាតិអប្សរា)

សៀមរាប៖ បើទោះបីជាចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាស្ថិតក្នុងតួលេខខ្ពស់ក្តី ក៏ការចូលទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរវត្តនៅតែដំណើរការជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃនៅប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរជាង៣០០នាក់។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១៣ ខែកក្កដានេះថា សម្រាប់នៅតំបន់អង្គរទាំងមូលនាថ្ងៃទី ១២ ខែកក្កដានេះ ទទួលបានភ្ញៀវទេសចរសរុបចំនួន ១៤១០ នាក់ ក្នុងនោះមានជាតិចំនួន ១៣០៧នាក់ ព្រះសង្ឃ៨អង្គ និងភ្ញៀវបរទេស៨៥នាក់។ ភ្ញៀវទេសចរដែលចូលទស្សនាប្រាសាទអង្គរវត្តមានចំនួន៣៦៩នាក់ក្នុងមួយថ្ងៃ ក្នុងនោះមានភ្ញៀវបរទេស១១នាក់។

បើតាមលោក ឡុង កុសល បន្ទាប់ពីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងមានការបើកឡើងវិញនូវវិស័យទេសចរណ៍ ហើយវិស័យទេសចរណ៍ក្នុងខេត្តនឹងអាចមានដំណើរការល្អវិញជាបណ្តើរៗដែលអាចជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមយ៉ាងសំខាន់ដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបន្ថែមថា អាជ្ញាធរអប្សរាបានខិតខំយ៉ាងខ្លាំងដើម្បីត្រៀមទទួលភ្ញៀវទេសចរខាងមុខនេះ ដោយបានជួសជុលកែលម្អប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពល្អប្រសើរ និងមានភាពរឹងមាំ ដោយខាងអាជ្ញាធរអប្សរាបានធ្វើការសិក្សាស្រាវជ្រាវលើផ្នែកបុរាណវិទ្យា ហើយបានរកឃើញរបកគំហើញថ្មីៗជាដើម។ ក្រៅពីនេះក៏មានជាការជួសជុលផ្លូវ រៀបចំទីកន្លែងបៃតង ដាំដើមឈើជាដើម ទន្ទឹមនឹងនេះក៏មានការរៀបចំសណ្តាប់ធ្នាប់សាធារណៈផងដែរ ដូចជាទីកន្លែងចំណត ដើម្បីធ្វើយ៉ាងណាឱ្យសោភ័ណ្ឌភាពបរិស្ថានជុំវិញតំបន់ប្រាសាទកាន់តែមានភាពល្អប្រសើរ ហើយផ្តល់ភាពងាយស្រួល និងទំនុកចិត្តដល់ភ្ញៀវទេសចរឱ្យចូលមកទស្សនាតំបន់អង្គរបានច្រើនឡើងវិញ។

លោកបានឱ្យដឹងថា នៅក្នុងដំណាក់កាលកូវីដ១៩នេះ មិនមានផលប៉ះពាល់ចំពោះការអភិវឌ្ឍន៍នៅតំបន់អង្គរទេ ព្រោះវាជា ការចាប់យកឱកាសដើម្បីកែច្នៃបញ្ហាប្រឈមឱ្យក្លាយជាការវិវត្ត ការស្រាវជ្រាវ និងការកែលម្អផ្សេងៗ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង