Cct850x100 1

ការផ្លាស់ប្តូររដ្ឋមន្ត្រីថ្មីអាចជំរុញឱ្យការងារមួយចំនួយមានប្រសិទ្ធភាពជាងមុន?

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖រដ្ឋសភាជាតិនៃកម្ពុជានៅថ្ងៃទី៣០ មីនា បានប្រជុំអនុម័តលើសំណើសុំរុះរើសមាសភាពគណៈរដ្ឋមន្ត្រីតាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។រដ្ឋមន្ត្រីចំនួន៤ក្រសួងត្រូវបានផ្លាស់ប្តូរ ក្នុងនោះក៏មានក្រសួងយុត្តិធម៌ផងដែរ។ការរុះរើគណៈរដ្ឋមន្ត្រីពាក់កណ្តាលអាណត្តិនេះ សម្តេចហ៊ុន សែន ពន្យល់ថា ដោយសារតែរដ្ឋមន្រ្តីទាំង៤រូបមានវ័យចំណាស់ ដែលត្រូវការការសម្រាកច្រើន។ចំណែកអ្នកវិភាគនយោបាយយល់ថា ការផ្លាស់ប្តូររដ្ឋមន្ត្រីថ្មីនាពេលនេះ អាចជំរុញឱ្យការងារមួយចំនួនរបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាពជាងមុន។

លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការរុះរើសមាសភាពគណៈរដ្ឋមន្ត្រីពាក់កណ្តាលអាណត្តិនេះ មិនមែនរាជរដ្ឋាភិបាលធ្វើភ្លាមៗនោះទេ ពោលគឺប្រមុខរាជរដ្ឋាភិបាលបានត្រៀមយូរមកហើយ ហើយការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មី តាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែននេះ អាចនឹងធ្វើឱ្យការងារមានប្រសិទ្ធិភាពជាងមុន។

បើតាមលោកបណ្ឌិត គិន ភា រដ្ឋមន្ត្រីថ្មីអាចនឹងខិតខំបញ្ចេញនូវ សមត្ថភាព ស្នាដៃរបស់ខ្លួនបង្ហាញដល់សាធារណជន ក៏ដូចជារដ្ឋាភិបាលដែលផ្តល់ភាពទុកចិត្តលើពួកគេ។ប៉ុន្តែលោកបណ្ឌិត មិនអាចសន្និដ្ឋានថា ការរីកចម្រើនរបស់កម្ពុជាមិនពឹងផ្អែលលើក្រសួងទាំង៤នេះទាំងស្រុងទេ គឺទាមទារឱ្យមានការចូលរួមពីផ្នែកផ្សេងៗទៀត។

កាលពីអាណត្តិមុន សម្តេចហ៊ុន សែន ក៏បានធ្វើការរុះរើគណៈរដ្ឋមន្រ្តីពាក់អាណត្តិដូចគ្នានេះដែរ។ កាលណោះ មានការផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួនដែរ រួមមាន លោកប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេសជំនួសលោកហោ ណាំហុង លោកអូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ លោកស៊ុន ចាន់ថុល មកកាន់ក្រសួងសាធារណការ និង ដឹកជញ្ជូន លោកត្រាំ អ៊ីវតឹក ទៅកាន់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា សុផារ៉ា មកកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លោកហ៊ឹម ឆែម ទៅកាន់ក្រសួងធម្មការ និង សាសនា លោកវេង សាខុន ឡើងមកធ្វើជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែក លោកអ៊ុក រ៉ាប៊ុន តែងតាំងជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ និង លោកប៉ាន សូរស័ក្តិ ឡើងធ្វើជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

សម្រាប់អាណត្តិនេះ រដ្ឋមន្ត្រីចំនួន៤រូបត្រូវបានប្តូរ ក្នុងនោះលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មកា និង សាសនា លោកត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ។ រដ្ឋមន្រ្តីទាំង៤រូប ត្រូវបានសម្តេចហ៊ុន សែន សម្រេចតែងតាំងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស។

ជំនួសមកវិញ លោកកើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មកា និង សាសនា និង លោកព្រុំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានរក្សាតែងតាំងលោកចម ប្រសិទ្ធជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលទើបកែឈ្មោះពីក្រសួងឧស្សាហកម្ម និង សិប្បកម្ម។

លោក បណ្ឌិត គិន ភា បានវាយតម្លៃចំពោះកំណែទម្រង់ថ្មីនេះថា វាគ្រាន់តែជាទម្រង់នៃប៉ះប៉ូវនូវអ្វីដែលមានស្រាប់ហើយតែប៉ុណ្ណោះ មិនមែនជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះវាជារឿងធម្មតានៅក្នុងជួររដ្ឋាភិបាល៕

ពាក្យទាក់ទង: រដ្ឋសភា
Khcct banner

អត្ថបទទាក់ទង