Yearendyearend1140x150
Img 0571

«ឆ្កែព្រៃកម្រ»មានវត្តមានច្រើនឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឆ្កែព្រៃ ដែលថតបានដោយម៉ាស៊ីនស្វ័យប្រវត្តិ។ រូបភាព ក្រសួងបរិស្ថាន 

ភ្នំពេញ៖ សត្វឆ្កែព្រៃ ដែលជាប្រភេទសត្វកម្រ បានចាប់ផ្ដើមមានវត្តមានឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃ ក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

យោងតាមទិន្នន័យរូបភាពដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថានបានដាក់នៅតាមតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនិងតំបន់ជួរភ្នំក្រវាញកណ្តាល បានរកឃើញវត្តមាននៃសត្វឆ្កែព្រៃ។ ទោះបីជាមិនទាន់សូវសំបូរតែជាដំណឹងដ៏ល្អសម្រាប់អ្នកអភិរក្ស និងអ្នក បរិស្ថាននិយម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែនេះ ឆ្កែព្រៃត្រូវបានក្រុមអ្នកជំនាថតរូបបានតាមម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុង ដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងខេត្តពោធិ៍សាត់ និងនៅក្នុងឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរី។

ជាងនេះទៅទៀត ក្រៅពីដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងតំបន់ជួរភ្នំក្រវ៉ាញកណ្តាល និងឧទ្យានជាតិវីរៈជ័យ គេឃើញវត្តមាននៃសត្វឆ្កែព្រៃក្នុងដែនជម្រកសត្វព្រៃផ្សេងទៀតក្នុងតំបន់ទេសភាពខ្ពស់រាបភាគខាងកើតដូចដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសីម៉ាជាដើម ដែលតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ បានចាប់បានរូបភាពនៃប្រភេទសត្វទាំងនេះរួមនឹង កូនតូចៗផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសាន៍ថា៖«នេះគឺជាសញ្ញាណដ៏ល្អមួយនៃជីវៈចម្រុះនៅកម្ពុជា ដែលប្រភេទសត្វកម្រដូចជាសត្វឆ្កែព្រៃនេះចាប់ផ្តើមបង្ហាញវត្តមានឡើងនៅតំបន់មួយចំនួន ហើយតំបន់ មួយចំនួនទៀតមានចំនួនកើនឡើង»។

ចំណែកលោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន ដែលបានដឹកនាំការស្រាវជ្រាវប្រភេទសត្វកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យបានថ្លែងថា ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។

លោកបានបន្តថា កត្តាគំរាមកំហែងដល់សត្វឆ្កែព្រៃមានដូចជា ការដាក់អន្ទាក់ បាត់បង់ទីជម្រក បាត់បង់សត្វដែលជាចំណី (ពពួកសត្ចក្រចកជើងចំពាម) ការចម្លងជំងឺពីឆ្កែស្រុកដែលត្រូវបានយកចូលក្នុងព្រៃក្នុងគោលបំណងផ្សេងៗ។ មានការសិក្សាស្រាវជ្រាវមួយនៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ស្តីពីរបបអាហាររបស់សត្វឆ្កែព្រៃ (២០១៣-២០១៥) ដោយលោក Jan F. Kamler បានបង្ហាញថា សត្វឆ្កែព្រៃភាគច្រើនស៊ីឈ្លូស ជ្រូកព្រៃ និងសត្វទន្សោង ជាអាហារ។ តាមការបញ្ជាក់របស់លោក ពិន ច័ន្ទរតនា តំបន់ណាដែលសំបូរដោយវត្តមានខ្លារខិន នោះនឹង មិនសូវសំបូរវត្តមានសត្វឆ្កែព្រៃឡើយ ព្រោះសត្វទាំងពីរប្រភេទនេះស្វែងរកអាហារដូចគ្នា។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរកឃើញវត្តមានសត្វកម្រៗជាច្រើនក្នុងនោះមានសត្វឆ្កែព្រៃនៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា បានបង្ហាញថាតំបន់ការពារធម្មជាតិ ត្រូវបានការពារនិងអភិរក្សបានល្អប្រសើរ និងបានក្លាយជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វព្រៃ។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមដើម្បីការពារព្រៃឈើដែលជាទីជម្រករបស់ពពួកសត្វព្រៃ។ កម្ពុជាពិតជាមានមោទកភាពដែលមានវត្តមានប្រភេទសត្វកម្រនិងជិតផុតពូជនៅលើពិភពលោកមាននៅកម្ពុជា។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សជីវៈចម្រុះជាពិសេសប្រភេទសត្វព្រៃជិតផុតពូជ កុំព្យាយាមនាំសត្វស្រុកចូលក្នុងព្រៃព្រោះសត្វស្រុកដូចជាសត្វឆ្កែជាដើមដែលទឹកមាត់របស់វាមានផ្ទុលមេរោគអាចបង្កផលប៉ះពាល់ដល់សត្វឆ្កែព្រៃ និងរួមគ្នាថែរក្សាសត្ចព្រៃទាំងឡាយឱ្យបានគងវង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត ដោយនិយាយថាទេចំពោះសាច់សត្វព្រៃ និងកុំប្រើប្រាស់របររបរដែលផលិតពីវត្ថុធាតុដើមធ្វើពីសំណាកសត្វព្រៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង