Yearendyearend1140x150

ចិននឹងជួយកម្ពុជាផលិតវ៉ាក់សាំង«ជំងឺសារទឹក និងអុតក្តាម»ដោយខ្លួនឯង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសចិន បានយល់ព្រមជួយដល់ប្រទេសកម្ពុជា ដើម្បីអាចមានសមត្ថភាពផលិតវ៉ាក់សាំង«ជំងឺសារទឹក និងជំងឺអុតក្តាម»ដោយខ្លួនឯង។ការយល់ព្រមនេះ ក្រោយពីក្រសួងកសិកម្មកម្ពុជាបានដាក់សំណើរទៅកាន់រដ្ឋាភិបាលនៃប្រទេស​ចិន ដើម្បីជំនួយឧបត្ថម្ភបច្ចេទេស។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានពន្យល់ថា យោងទៅលើភាពចាំបាច់ និងជាពិសេសដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺសារទឹក និងជំងឺអុតក្តាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើទៅរដ្ឋាភិបាលចិន តាមរយ:ឯកឧត្តម Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន សុំថ្នាំការពារជំងឺសារទឹក និងជំងឺអុតក្តាម។ ឆ្លើយតបតាមសំណើរបស់ភាគីកម្ពុជា ភាគីចិនបានឯកភាពផ្តល់ជូនវ៉ាក់សាំងសារទឹកចំនួន ១០ម៉ឺនកម្រិត ជាលើកទី១ និងវ៉ាក់សាំងជំងឺអុតក្តាមចំនួន ១០ម៉ឺនកម្រិតជាលើកទី២។

ក្រៅពីការផ្តល់ជំនួយ ភាគីចិនបានគាំទ្រលើសំណើរបស់កម្ពុជាដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ ករណីនេះភាគីចិននឹងចុះមកសិក្សាផ្ទាល់ក្រោយស្ថានភាពកូវីដ-១៩ បានល្អប្រសើរ ។ ថ្នាំការពារដែលជាជំនួយរបស់ភាគីចិន ត្រូវបានបែងចែក និងបាននិងកំពុងចុះអន្តរាគមន៍ចាក់ឲ្យគោ-ក្របីជូនប្រជាកសិករ នៅតាមបណ្តាខេត្តដែលមានផ្ទុះជំងឺច្រើនជាងគេទាំង ១២ ខេត្ត ក្នុងនោះមានខេត្ត៖ ព្រៃវែង កំពង់ចាម តាកែវ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយ មានជ័យ បាត់ដំបង រតនះគីរី ត្បូងឃ្មុំ កំពង់ឆ្នាំង និង ពោធិសាត់។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា "យើងបានឯកភាពគ្នាជាគោលការណ៍ ប់ុន្តែនៅរង់ចាំពេលវេលា ដើម្បីជួបពិភាក្សាគ្នលម្អិត នៅពេលខាមុខ ។ អ្វីដែលធ្វើឲ្យដំណើរការការងារបានជាប់គាំង ដោយសារការរីករាលដាលជាសកលនៃជម្ងឺកូវិដ ១៩ ដែលយើងមិនជួបគ្នាបាន ។"

គួរបញ្ជាក់ថា នៅកម្ពុជាគេជួបប្រទះជំងឺឆ្លងជាច្រើនទាំងចំពោះសត្វចតុបាទ (គោ ក្របី ចៀម ពពែ និងជ្រូក) និងសត្វបក្សី (មាន់ និងទា)។ ចំពោះផលិតកម្មចិញ្ចឹមគោ-ក្របី យើងតែងជួបប្រទះជំងឺឆ្លងសំខាន់ពីរគឺជំងឺសារទឹក និងជំងឺអុតក្តាម ដែលបានបំផ្លាញទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង