Yearendyearend1140x150

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្រូវឲ្យបើកបរល្បឿន១០០គ.ម/ម៉ោង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុតម្រូវឲ្យអ្នកបើកបរក្នុងល្បឿន១០០គ.ម/ម៉ោង។ ផ្លូវល្បឿនលឿននេះមានរបាំងសងខាងផ្លូវ មាន៤គន្លង ២គន្លងសម្រាប់ទៅ និង២គន្លងសម្រាប់មក ដែលក្នុងមួយគន្លងមានប្រវែង ៣.៧៥ ម៉ែត្រ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងពិធីចុះត្រួតពិនិត្យការអ៊ុតបេតុងកៅស៊ូ (គ.មលេខ៣៦ នៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ)។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គិតមកដល់ពេលនេះបានសម្រេចបានជាង៥៥%នៃផ្លូវចម្ងាយ១៨៧គ.ម ប្រើប្រាស់ថវិកា២ពាន់លានដុល្លារអាមេរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)បានដាក់ថវិកាដោយផ្ទាល់ដើម្បីសាងសង់ផ្លូវល្បឿនលឿននេះ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះអាចឲ្យរថយន្តបើកបរដែលផ្ទុកទម្ងន់មិនលើសពី៤០តោន។ ផ្លូវនេះមាន៤គន្លង ទៅ២មក២ ដែលមានទទឹងសរុបប្រវែង ២៤.៥ ម៉ែត្រ មានកន្លែងប្តូរទិស៦កន្លែង និងត្រៀមសាងសង់៣ កន្លែងផ្តល់សេវាដូចជាម្ហូបអាហារ និងបន្ទប់ទឹកមាន៣កន្លែង មានកន្លែងចតឡាន១កន្លែង កន្លែងថែទាំផ្លូវ៤កន្លែង ស្ពានតូចនិងធំ៤១០ស្ពាន និង២៧០ស្ពាននៅក្រោមផ្លូវល្បឿនលឿន ដែលប្រជាពលរដ្ឋអាចឲ្យគោក្របីឆ្លងកាត់បាន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ការសាងសង់ផ្លូវល្បឿនលឿននេះ បើតាមគម្រោងត្រូវការ៤៨ខែ ដូច្នេះត្រូវបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣ ក៏ប៉ុន្តែខាងក្រសួងបានស្នើសុំឲ្យពន្លឿនការសាងសង់ផ្លូវនេះឲ្យបានបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ហើយក្រសួងក៏បានពិចារណាឲ្យប្រជាពលរដ្ឋប្រើប្រាស់បាន ១អាទិត្យឬ១ខែដោយឥតគិតថ្លៃសិន ហើយនៅពេលដែលគិតថ្លៃប្រើប្រាស់ផ្លូវ ក៏ក្រសួងស្នើបញ្ចុះតម្លៃឲ្យទាបបំផុតក្នុងរយៈពេលណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៕

ប្រភពរូប៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រភពរូប៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង